(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គសិក្ខាសាលាថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការគាំទ្រ និងសូមចូលរួមអនុវត្តយ៉ាងពេញលេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យស្ថាប័នរដ្ឋក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ តាមរយៈការដាក់ចេញនូវវិធានគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរបាយការណ៍សង្ខេបនៃសមិទ្ធផលរបស់រដ្ឋលេខាធិការដ្ឋានសម្រេចបាននាពេលកន្លងមក។
លោកបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុក បានបញ្ជាក់ថា ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំចូលរួមអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ មួយចំនួនរួមមាន៖ ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ក្រុមការងារបច្ចេកទេសពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ, ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំរបាយការណ៍ស្តីពីការគ្រប់គ្រងមន្ត្រី និងរបាយការណ៍ស្តីពីការរៀបចំការប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ និងបានផ្ញើជូនអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈរួចរាល់ និងបានធ្វើរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ តាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យចប់សព្វគ្រប់ និងបានផ្ញើជូនក្រសួងមុខងារសាធារណៈរួចរាល់។
ទន្ទឹមនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាននិងកំពុងរៀបចំអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន ឲ្យស្របទៅនឹងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១៖ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២៖ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕