(ស្ទឹងត្រែង​)៖ ដោយមានការសំណូមពរពីសំណាក់សិល្បករ-សិល្បការិនីរួមដំណើរ និងសប្បុរសជន ក្នុងការងារចុះបេសកកម្មតាមបណ្ដាខេត្តនាភូមិភាគឦសាន្តប្រទេសកម្ពុជារយៈពេល៣ថ្ងៃ, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូទាំងអស់បន្តទៅទស្សនកិច្ចស្វែងយល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយក្រុមហ៊ុនចិន និងវៀតណាម និងកំពុងជួយឱ្យកម្ពុជាអាចផលិតអគ្គិសនីដោយខ្លួនឯង និងផ្គត់ផ្គង់ក្នុងតម្លៃទាបជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

អ្នកជំនាញប្រចាំនៅទំនប់វារីអគ្គិសនី បានឱ្យដឹងថា ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ទំនប់នេះដែលមានប្រវែង ៦,៥គីឡូម៉ែតនេះ ក៏ជាទំនប់ដ៏វែងជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ទំនប់នេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា។

ទំនប់វារីអគ្គីសនី សេសានក្រោម២ គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជាគឺ រូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង រួមជាមួយក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន និងក្រុមហ៊ុន EVN International Joint Stock Company របស់វៀតណាម ហើយបានរួមចំណែកធ្វើឲ្យកម្ពុជា មានឯករាជ្យភាព លើវិស័យថាមពលអគ្គិសនី កាត់បន្ថយការនាំចូល និងធ្វើឲ្យតម្លៃ អគ្គិសនីថយចុះផងដែរ។ ទំនប់វារីអគ្គិសនីនេះ នឹងអាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រជាពលរដ្ឋតាមបណ្តោយបណ្តាញបញ្ជូនទៅភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ព្រមទំាងខេត្តមណ្ឌលគិរី និងរតនគិរី។

ជារួមស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល៕