(ព្រៃវែង)៖ ប្រជាកសិករដែលជាម្ចាស់ស្រូវ និងឈ្មួញរកស៉ីស្រូវជាច្រើននាក់ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកគ្នាតវ៉ាទៅកាន់សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយធ្វើការទាមទារឲ្យសមត្ថកិច្ចច្រក ជាពិសេសម្ចាស់បេនស្រូវធ្វើការដោះស្រាយជូនពួកគាត់ ដែលរងគ្រោះដោយសារចាញ់បោកឈ្មួញវៀតណាមម្នាក់ ប្រមូលទិញស្រូវពីពួកគាត់បានជាង ១២០០តោន រួចរត់គេចខ្លួនបាត់មិនព្រមឱ្យលុយ។

ក្រុមឈ្មួញខ្មែរទាំងអស់នោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា ឈ្មួញវៀតណាមដែលទិញស្រូវបោកប្រាស់មិនឱ្យលុយនោះមានឈ្មោះ ប៊ួយ ឡឹម រស់នៅវៀតណាម។ ចំណែកឯក្រុមឈ្មួញខ្មែរ បានចាញ់បោកឈ្មួញវៀតណាមម្នាក់ នេះមានចំនួន២៧នាក់ ហើយស្រូវដែលចាញ់បោកគេមានចំនួន ១ ២៧៣ តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង ១២០០លានរៀល។

លោក ជួប សារុន ជាឈ្មួញទិញស្រូវម្នាក់ក្នុងចំណោមឈ្មួញទាំងអស់ ដែលបានចាញ់បោកគេបានរៀបរាប់ប្រាប់ថា ពួកគាត់ដើរប្រមូលទិញស្រូវពីកសិករម្ចាស់ស្រែយកមកលក់ឲ្យឈ្មួញវៀតណាម នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីនេះ នៅដីវៀតណាមច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពួកគាត់បានដឹកស្រូវយកមកលក់ឲ្យឈ្មួញវៀតណាមដោយឆ្លងព្រំដែនចូលទៅលក់ក្នុងបេនស្រូវខាងដីវៀតណាម ហើយឈ្មួញវៀតណាមឈ្មោះ ប៊ួយ ឡឹម ដែលជាអ្នកទទួលទិញ បានចេញក្រដាសបុង ឱ្យមកដកលុយនៅខាងដីខ្មែរដូចធម្មតា ប៉ុន្តែពេលមកដកលុយខាងដីខ្មែរស្រាប់តែដកមិនបានពេលទូរស័ព្ទទៅសួរឈ្មួញវៀតណាមឈ្មោះ ប៊ួយ ឡឹម ក៏ប្រាប់ថា សុំជំពាក់មួយថ្ងៃសិន ចាំស្អែកវេរលុយឱ្យ ហើយឈ្មួញខ្មែរផ្សេងៗទៀតដែលដឹកស្រូវយកទៅលក់ឲ្យតាមក្រោយ ក៏ត្រូវគេប្រាប់ថា ចាំស្អែកវេរលុយឲ្យដូចគ្នា ប៉ុន្តែជាលទ្ធផលស្អែកហើយស្អែកទៀតរហូតដល់ថ្ងៃទី៨ ខែមករា ទូរស័ព្ទរបស់ឈ្មួញឈ្មោះ ប៊ូ ឡឹម ក៏ទាក់ទងលែងបានតែម្ដង។

ក្រុមឈ្មួញខ្មែរទាំងនេះ បានបញ្ជាក់ថា ក្រោយពេលដឹងថាចាញ់បោកឈ្មួញវៀតណាមហើយ ពួកគាត់ក៏នាំគ្នាទៅជួបថៅកែបេនស្រូវឈ្មោះ យាយ ធី និងកូនប្រសារឈ្មោះ ពៅ ដា សូមឲ្យជួយដោះស្រាយ ប៉ុន្តែថៅកែបេនឆ្លើយថា រវល់គ្មានពេលជួយដោះស្រាយទេ ទើបពួកគាត់ប្ដឹងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីឲ្យជួយ ប៉ុន្តែសមត្ថកិច្ចច្រកបន្ទាយចក្រី បានប្រាប់ឲ្យប្ដឹងទៅខាងសមត្ថកិច្ចស្រុកវិញ លុះពេលទៅប្តឹងដល់នគរបាលស្រុក ក៏មិនទទួលបានលទ្ធផល មកដល់ពេលនេះជាងមួយខែទៅហើយ។

ក្រុមឈ្មួញទាំងនោះ បានប្រាប់ទៀតថា ពួកគាត់ចុះប្រមូលទិញស្រូវពីកសិករម្ចាស់ស្រែគឺមិនទាន់ឲ្យលុយម្ចាស់ស្រូវទេ ដោយយកស្រូវទៅលក់ឲ្យវៀតណាមបានលុយទើបយកលុយទៅប្រគល់ឲ្យកសិករម្ចាស់ស្រូវវិញ។ ប៉ុន្តែ ពេលនេះឈ្មួញវៀតណាមបោកប្រាស់យកស្រូវទៅអស់មិនឱ្យលុយ ឯកសិករម្ចាស់ស្រែនាំគ្នាប្ដឹងទារលុយពីពួកគាត់គ្រប់ៗគ្នា ពួកគាត់កំពុងតែវេទនាខ្លាំងណាស់ ដូច្នេះពួកគាត់ជាក្រុមឈ្មួញទាំង២៧នាក់ បានសម្រេចចិត្តទុក រយៈពេលឲ្យមួយខែទៀត បើម្ចាស់បេនស្រូវ ឬសមត្ថកិច្ចខាងខ្មែរ មិនអាចជួយដោះស្រាយជូនពួកគាត់បានទេ ពួកគាត់នឹងនាំគ្នាយករថយន្តធំៗបិទផ្លូវជាតិតែម្ដង ព្រោះពួកគាត់គ្មានលុយសងកសិករម្ចាស់ស្រូវនោះទេ។

ជាមួយគ្នានេះ យោងតាមពាក្យបណ្ដឹងរបស់កសិករ និងឈ្មួញស្រូវប្ដឹងទៅលោកស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា នាយប៉ុស្តិ៍នគរបាលអន្តរជាតិអន្តោប្រវេសន៍ច្រកបន្ទាយចក្រី និងលោក ពៅ ដា, លោក លន់ ប៊ុនប៉ា នាយរងប៉ុស្តិ៍ មិនបានជួយទំនាក់ទំនងរកដំណោះស្រាយឲ្យពួកគាត់ ពាក់ព័ន្ធនឹងករណីដែលឈ្មោះ ឡឹម (ប៊ួយ យ៉ាំងឡឹម) អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុងហុកងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម និងឈ្មោះ វ៉ា ភន់ អាយុ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅនៅភូមិទួលដៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលនាំគ្នាប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តដោយទិញស្រូវពួកគាត់មិនឱ្យលុយហើយនាំគ្នារត់គេចខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥កន្លងមកនេះនោះទេ។

តាមពាក្យបណ្ដឹង បានបញ្ជាក់ថា ដោយហេតុនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនបន្ទាយចក្រីនេះ បានយកលុយក្បាលឡានរបស់ពួកគាត់ ក្នុងការឆ្លងដែនទៅលក់ស្រូវនៅបេនយិន បាខាងទឹកដីវៀតណាមនោះ ក្នុង១ឡានតម្លៃ ២ម៉ឺនរៀល ហើយបេនស្រូវយិន បានោះ ក៏ជាក្រុមហ៊ុនរបស់លោក ពៅ ដា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនេះដែរ។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បន្ទាប់ដឹងថា ឈ្មោះ ប៊ួយយ៉ាំង ឡឹម និងឈ្មោះវ៉ា ភន់ មានបំណងគេច ហើយពេលនោះពួកគេកំពុងមានវត្តមាននៅបេននោះ ពួកគាត់បានទាក់ទងទៅនាយប៉ុស្តិ៍ និងឈ្មោះពៅ ដា, លោក លន់ ប៊ុនប៉ា នាយរងប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ដោះស្រាយដែរ តែពួកគាត់ដេញដោលដាក់គ្នាមិនរកដំណោះស្រាយឲ្យទេ។ កាលនោះបើលោកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ជួយអន្តរាគមន៍ទាន់ពេលវេលា ឈ្មោះ ប៊ួយ យ៉ាំងឡឹម និងឈ្មោះវ៉ា ភន់ មិនអាចបោកប្រាស់បានទេ។

ពាក់ព័ន្ធនឹងការតវ៉ាពីកសិករនិងឈ្មួញស្រូវនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រីនេះ អង្គភាព Fresh News មិនអាចទំនាក់ទំនងទៅកាន់លោកនាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបន្ទាយចក្រី បានទេនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ប៉ុន្តែជុំវិញបញ្ហានេះ សមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីមួយរូប បានឲ្យដឹងថា ក្រុមឈ្មួញខ្មែរទាំងអស់នេះ ពិតជាបានចាញ់បោកឈ្មួញវៀតណាមឈ្មោះ ប៊ួយ ឡឹម ពិតប្រាកដមែន ហើយសំណុំរឿងនេះខាង សមត្ថកិច្ចខ្មែរ កំពុងទំនាក់ទំនងទៅខាងសមត្ថកិច្ចវៀតណាម ស្នើសុំជួយអន្តរាគមន៍រួចហើយពេលនេះកំពុងរង់ចាំឆ្លើយតបពីខាងសមត្ថកិច្ចវៀតណាម៕