(ភ្នំពេញ)៖ លោក អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យ បានលើកឡើងថា ក្រសួងបាននិងកំពុងរៀបចំផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនជាង ៦ម៉ឺននាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។
ការលើកឡើងបែបនេះរបស់ លោករដ្ឋលេខាធិការ អ៊ុង បូរាត បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់ការគាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ» ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញពីអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានសមាសភាពចូលរួមសរុបប្រមាណចំនួន ៦២៧រូប។ នៅវិទ្យាស្ថានជាតិអប់រំ។
លោករដ្ឋលេខាធិការ អ៊ុង បូរាត បានថ្លែងថា ក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ជាវិស័យអាទិភាព ដែលច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យមានការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡានេះទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ថ្វីបើ មុខងារមួយចំនួន ត្រូវបានធ្វើ វិមជ្ឈការទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័ន មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាលើវិស័យអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវមានការទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះក្រសួងអប់រំ យុវជន និងកីឡាផងដែរ តាមរយៈមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត។
លោករដ្ឋលេខាធិការ បានបន្ដថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញ ឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងផ្តល់នូវមុខងារ និងការទទួលខុសត្រូវច្បាស់លាស់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។ ផ្អែកតាមគោលការណ៍នៃការផ្ទេរមុខងារ បានតម្រូវឱ្យមានការផ្ទេរភ្ជាប់ទៅជាមួយនូវធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ការរៀបចំនីតិវិធីសម្រាប់ការអនុវត្ត ការអភិវឌ្ឍសមត្ថភាព ការតាមដានត្រួតពិនិត្យ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព និងមានសមត្ថភាពសមស្របក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារទាំងនោះ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាជាតិដែលបានកំណត់។
លោករដ្ឋលេខាធិការ បានបន្ដទៀតថា ម្យ៉ាងវិញទៀត មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារជាកាតព្វកិច្ច អាស្រ័យហេតុនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ចាំបាច់ត្រូវមានកាតព្វកិច្ចដោយខានមិនបានក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះ ដើម្បីធានាដល់ការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានសម្រេចយ៉ាងហោចត្រឹមកម្រិតស្តង់ដាអប្បបរមា ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណីមានបញ្ហាប្រឈមណាមួយ ដែលក្រុង ស្រុក ខណ្ឌនីមួយៗ មិនអាចសម្របសម្រួល ដោះស្រាយ ត្រូវពិគ្រោះយោបល់ ឬសុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬមន្ទីរពាក់ព័ន្ធនានា ឬមកក្រសួងស្ថាប័ននៅថ្នាក់ជាតិដើម្បីជួយគាំទ្រ និងផ្តល់មតិយោបល់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានបន្ថែមថា លោក លោកស្រីជាអភិបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវពង្រឹងចំណេះដឹងលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ដែលបានផ្ទេរសម្រាប់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ លោកក៏សូមរំលឹកសារជាថ្មីថា ធនធានហិរញ្ញវត្ថុទាំងនេះ គឺជាធនធានមានភ្ជាប់លក្ខខណ្ឌ ដែលរាជរដ្ឋាភិបាលផ្ទេរមកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់តែទៅលើការងារអប់រំ យុវជន និងកីឡាតែប៉ុណ្ណោះ។ រដ្ឋបាលក្រុង ស្រុក ខណ្ឌមិនត្រូវបានអនុញ្ញាតឱ្យយកធនធានមាន ភ្ជាប់លក្ខខណ្ឌនេះ ទៅប្រើប្រាស់សម្រាប់សកម្មភាពផ្សេងទៀត ក្រៅពីការងារអប់រំ យុវជន និងកីឡាបានឡើយ។ ប៉ុន្តែធនធានផ្សេងទៀត ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌកៀរគរបាន ក៏អាចយកមកបញ្ចូលបន្ថែម ដើម្បីគាំទ្រដល់ការអនុវត្តមុខងារដែលបានប្រគល់ជូនផងដែរ។
សូមជម្រាបដែរថា ថវិកាដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ នឹងនៅតែបន្តផ្ទេរត្រង់ទៅឱ្យគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ តាមប្រព័ន្ធធនាគារដដែល និងត្រូវផ្ទេរ ១០០% ជាប្រចាំ៕