(ព្រះវិហារ)៖ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោក មឿង សុភេទ ជំនួសលោក សុង ច័ន្ទសុជាតិ ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារ នៅក្រសួងបរិស្ថានវិញ។

ពិធីនេះស្ថិតក្រោមវត្តមានលោក សាន វណ្ណទី រដ្ឋលេខាធិកាប្រចាំការ​តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពី​លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ប្រតិភូអមដំណើរ​ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង០៨​ មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្សនិងមន្រ្តីជាប់កិច្ចសន្យា​ នៃមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សាន វណ្ណទី និងលោក គីម រិទ្ធីបានថ្លែងចូលរួមអបអរសាទរចំពោះលោក មឿង សុភេទ ដែលត្រូវបានថ្នាក់ដឹកនាំគាំទ្រ ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារនាពេលនេះ និងបានជឿជាក់ថា លោកប្រធានមន្ទីរបរិស្ថានថ្មី នឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ខេត្តព្រះវិហារ។

ក្នុងនាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាន វណ្ណទី បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំព្រះវិហារ ត្រូវបន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីដឹកនាំ ការងារបរិស្ថានខេត្ត ដោយផ្តោតសំខាន់លើ កិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ការអនុវត្តក្រមបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលមានមុំបី «ភាពស្អាត បៃតង និងចីរភាព» ដែលត្រូវបំបែកជាផែនការ សកម្មភាព ជំរុញការងារឌីជីថល អនុវត្តបច្ចេកវិជ្ជាឌីជីថល ជាពិសេសការសាមគ្គីការងារ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ក៏បានថ្លែងណែនាំឱ្យពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន៕