(ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ។ ការអនុម័តនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្រោយសភាអនុម័ត ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចេញសារបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីព្រាងច្បាប់នេះ និងចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះជាការផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ ព្រមទាំងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មទាំងនេះ អាចវិលមកវិញនៅកម្ពុជា ខណៈកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្ដ្រដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុត។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តាមរយៈ Facebook បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សេចក្តីព្រាងច្បាប់នេះ គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មទាំងនេះ អាចវិលមកវិញនៅកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុត ដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។

គ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្ករឡើងរបបដ៏សហាវឃោឃៅនេះឡើយ។ យើងពិតជាមិនអាចទទួលយកបានឡើយ នូវការជាន់ឈ្លីដែលកើតពីការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃ បំភន្តការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ។ ដូច្នេះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ គឺជាទង្វើអប្រិយ៍ ជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដែលរងគ្រោះយ៉ាងអយុត្តិធម៌ ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលមានសមាជិកគ្រួសារជាជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ខ្ញុំសូមប្រកាសគាំទ្រជាឱឡារិកនូវច្បាប់នេះ ដើម្បីផ្តល់នូវការគោរពដល់ជនរងគ្រោះ និងអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត»

សូមជម្រាបថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយ សេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អ.វ.ត.ក. ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ ក៏បានគូសបញ្ជាក់ឲ្យច្បាស់ អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រនៅក្នុងច្បាប់៕