(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គ បានថ្លែងថា គិតចាប់តាំងពីឆ្នាំ ២០១៧ មក​ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និង របបសន្តិសុខសង្គមថ្មីៗ ​ដែលគិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ បានចំណាយថវិកាប្រមាណ ៨៦៣លានដុល្លារ​ និងចំណាយប្រមាណ ១ ៤២២លានដុល្លារអាមេរិកទៀត ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះធ្វើឡើង ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ សម្រាប់កម្មវិធីជាតិជំនួយសង្គម​ចំនួន៨ ដែលគ្របដណ្តប់លើពលរដ្ឋសរុបចំនួន១.២ លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤.៨ លាននាក់ ​ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប​ ដោយបានចំណាយថវិការដ្ឋ ក្នុងទំហំ ១​ ១៤០ប៊ីលានរៀល, សមមូលប្រមាណ ២៨៥ លានដុល្លារអាមេរិក​។ សម្រាប់ឆ្នាំ ២០២៤​ ​ រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមដែលមានស្រាប់ រួមទាំងមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅ ដែលជាជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជា បានដាក់ឲ្យដំណើរការនូវកម្មវិធីថ្មីៗ ដូចជា កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និង កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្តល់ឱកាសឲ្យពួកគាត់ អាចស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។

ចំណែករបបសន្តិសុខសង្គមមានចំនួន ៣ធំៗ ដែលបានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២.៧ លាននាក់, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, ដោយបានចំណាយថវិកាសរុបចំនួនប្រមាណ២ ២៩៧ ប៊ីលានរៀល​ ស្មើនឹងប្រមាណ៥៧៤ លានដុល្លារអាមេរិក​។ ក្នុងនោះ​ថវិការដ្ឋចំនួន ៤០៦ លានដុល្លារអាមេរិក និង ថវិកាភាគទានប្រមាណ ១៦៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

​របបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.; ២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និង មន្ត្រីសាធារណៈ​ និង ៣). របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន ។

​លើសពីនេះ​ នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក, ទាំងការរីករាលដាលនៃជំងឺកូវីដ១៩, សម្ពាធអតិផរណា និង គ្រោះទឹកជំនន់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាល ក៏បានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេស ដល់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិការដ្ឋបន្ថែមសរុបចំនួន ៥.៧ទ្រីលានរៀល​ សមមូលប្រមាណ ១ ៤២២ លានដុល្លារអាមេរិក, ដើម្បីជួយរក្សាលំនឹងជីវភាព, កាត់បន្ថយកម្មវិបាកអវិជ្ជមាន និង ស្តារជីវភាពរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាប់ថា ​ចាប់តាំងពីការចាប់ផ្តើមអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ ២០១៦- ២០២៥, ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុន ជាង ២ ដង ខណៈការគ្របដណ្តប់ប្រជាពលរដ្ឋ បានកើនពីចំនួន ៣.៣លាននាក់ កាលពីឆ្នាំ ២០១៧ ដល់ជាង ៧.៥លាននាក់ ក្នុងឆ្នាំ ២០២៤៕