(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។
ការប្រកាសប្ដេជ្ញាបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ខ្ញុំក៏សូមប្តេជ្ញាសហកាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប»។
បន្ថែមលើនេះ, ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នឹងបន្តខិតខំពង្រឹងការប្រមូលចំណូល, ពង្រឹងប្រសិទ្ធភាពចំណាយ, បង្កើនលំហសារពើពន្ធ, និងបង្កើនការសន្សំសំចៃថវិកាជាតិ សំដៅបម្រើដល់គោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាល រួមបញ្ចូលផងដែរ នូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ក្នុងដំណាក់កាលថ្មីនេះ ដើម្បីពង្រីកការ-គ្របដណ្ដប់ឲ្យកាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្តជីវិត។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមសម្ដែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់នូវកម្លាំងកាយ-ចិត្ត និងប្រាជ្ញា-ស្មារតី ក្នុងការបន្តវេន ដឹកនាំប្រទេស ដោយបន្តយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាព និង វិបុលភាពរបស់ពលរដ្ឋ និង បានតាំងចិត្តយ៉ាងមោះមុត ក្នុងការបន្តជំរុញអភិវឌ្ឍ «នាវាគាំពារសង្គមកម្ពុជា» ឲ្យកាន់តែរឹងមាំ និង បន្តដំណើរទៅមុខ ប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នៅពេញផ្ទៃប្រទេស។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមគូសបញ្ជាក់ម្ដងទៀតថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដំណាក់-កាលថ្មីនេះ បានធ្វើការផ្លាស់ប្តូរ ពីអភិក្រមនៃការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម តាមបែបសសរស្តម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និង ការផ្តល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិត ទាំង ៧ រួមមាន៖ មាតុភាព និង ហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក, និង ជរាភាព និង ឧត្តរជីវី ដោយកំណត់នូវទិសដៅអន្តរាគមន៍គាំពារសង្គម តាមដំណាក់កាលនីមួយៗ ក៏ដូចជា កំណត់វិធានការគោលនយោបាយ សម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការអភិវឌ្ឍ និងធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម, ទាំងដោយផ្ទាល់ និងដោយប្រយោល៕