(ភ្នំពេញ)៖ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» ផ្នែកផលិតិកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម នៃវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំណាស់លើការចរចាបើកផ្លូវបន្ថែមទៀត ដើម្បីឲ្យការនាំចេញទៅកាន់ទីផ្សារចិនមានភាពងាយស្រួល និងទូលំទូលាយជាងនេះ។ ដោយក្រឡេកមើលទៅកាន់ទំនាក់ទំនងការទូតដ៏រឹងមាំរវាងកម្ពុជា និងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយឈានដល់កម្រិតខ្ពស់ បំផុតរហូតដល់ជាង ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។
ការថ្លែងបែបនេះរបស់ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គឺបានធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវ និងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសភាពាណិជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Zhang Yuntao លេខាទី២ នៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា, លោក សុខ វណ្ណថុល អនុប្រធានការិយាល័យ នាយកដ្ឋាននាំចេញនាំចូលនៃក្រសួងពាណិជ្ជកម្ម, លោកស្រីបណ្ឌិត កៅ សុជីវី អគ្គលេខាធិការរងទទួលបន្ទុកលើការគ្រប់គ្រង និងអភិវឌ្ឍលើការងារ SPS and Trade in Agriculture Sector of Cambodia ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, លោក ជន រចនា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការនាំចេញនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីជំនាញមកពីក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជាច្រើននាក់។
ឧកញ៉ា គួច ផេង បានថ្លែងបន្តថា បច្ចុប្បន្នប្រទេសយើងបានធ្វើការយ៉ាងសស្រាក់សស្រាំ លើការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុនេះហើយទើបយើងបង្កើតសិក្ខាសាលានេះឡើង ក្នុងគោលបំណងជម្រាប ជូនបន្ថែមឲ្យកាន់តែស៊ីជម្រៅដោយមន្ត្រីជំនាញមកពីក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ សិក្ខាសាលានេះវាពិតជាមានសារៈសំខាន់ណាស់ ដែលជាច្រកបង្ហាញពីវិធីសាស្ត្រដ៏ងាយស្រួល ដើម្បីជំរុញដល់ការនាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ ដែលយើងបាននឹងកំពុងនាំចេញទៅ។ ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយគ្នាចាប់តាំងពីឆ្នាំ២០១០។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបន្តថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៤ តម្លៃសរុបនៃការនាំចូល និងនាំចេញរវាងប្រទេសទាំងពីរមានចំនួន ១៥,១៩ ពាន់លានដុល្លារ កើនឡើង ២៣,៨% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ១២,២៦ ពាន់លានដុល្លារ។ ក្នុងចំនួននេះ ការនាំចូលមានតម្លៃ ១៣,៤៤ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ ខណៈការនាំចេញរបស់កម្ពុជា ទៅប្រទេសចិនមានតម្លៃសរុប ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ភាគរយ។
កម្ពុជាបាននាំចេញផលិតផលកសិកម្មជាចម្បង និងផលិតផលផ្សេងទៀតទៅកាន់ចិន រួមមាន ចេក, អង្ករ, ស្វាយ, ដំឡូងមី, ផលិតផលនេសាទ, សម្លៀកបំពាក់, គ្រឿងសង្ហារឹម។ល។ ផ្អែកលើទិន្នន័យនេះ ឱនភាពពាណិជ្ជកម្មក្នុងឆ្នាំ២០២៤ មានចំនួន១១,៦៩ ពាន់លានដុល្លារ ធៀបនឹង ៩,៣១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦,៩ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤។ ការវិនិយោគរបស់ចិននៅតែជាប្រភពធំបំផុតដែលស្មើនឹងប្រមាណ ៤៩,៨២% នៃការវិនិយោគបរទេសសរុបសម្រាប់ឆ្នាំនេះ។ បន្ថែមពីនេះទៅទៀត យើងបានដឹងហើយថា យើងមានកិច្ចព្រមព្រៀងសេរី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលជាឱកាសដ៏ពិសេសបំផុតដែលយើងអាចនាំចូលផលិតផល ឬទំនិញយ៉ាងងាយស្រួល និងអំណោយផល។
ដោយឡែកលោក Zhang Yuntao លេខាទី២នៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយចិន ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាមាន ១៧,៨ពាន់លានដុល្លារអាមេរិក បានកើនឡើង ២០,៣%។ ក្នុងនោះការនាំចេញរបស់ចិនមកកម្ពុជាមានចំនួន ១៥,៣ពាន់លានដុល្លារ កើនឡើង ២០,៣% ហើយការនាំចូលពីកម្ពុជាមានចំនួន ២,៥ពាន់លានដុល្លារ កើនឡើង២០,៧%។
លោកបន្តថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិនបានពង្រីកជាលំដាប់ ដែលបានក្លាយជាចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន អង្ករ, ចេក, ស្វាយ, មៀន, ដូង ។ល។ នៅឆ្នាំ២០២៤ ដូងរបស់កម្ពុជានឹងបញ្ចប់និតីវិធីទាំងស្រុងសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដោយក្លាយជាផ្លែឈើធំទី៤ ដែលនាំចេញទៅប្រទេសចិន បន្ទាប់ពីចេក ស្វាយនិងមៀន ដែលបង្ហាញថា កិច្ចសហប្រតិបត្តិការកសិកម្មចិន-កម្ពុជា បានឈានដល់កម្រិតថ្មីមួយ។ នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១១៧ពាន់តោនទៅប្រទេសចិន។ ប្រទេសចិនបានក្លាយជាទី ផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ហើយមានសក្តានុពលទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើផ្លែដំឡូងមី និងគ្រាប់ស្វាយចន្ទីនាពេលអនាគត។
លោក Zhang Yuntao បានធ្វើការណែនាំ និងពន្យល់ពីនិតិវិធីនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារនៃប្រទេសចិនថា ផលិតផលកសិកម្មកម្ពុជាត្រូវប្រតិបត្តិ តាមនីតិវិធីជាមូលដ្ឋានខាងក្រោម ដើម្បីចូលទីផ្សារចិន គឺជំហានទី១ គឺត្រូវទទួលមានគុណវុឌ្ឍ ក្រុមហ៊ុននាំចេញត្រូវតែចុះបញ្ជីការ និងរោងចក្រវេចខ្ចប់របស់ខ្លួននៅអគ្គនាយកដ្ឋានគយចិន ដើម្បីធានាថាផលិតផលរបស់ខ្លួនសមស្របនឹងស្ដង់ដារអធិការកិច្ចចិន។ ជំហានទី២ គឺការរៀបចំឯកសារ រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិញ្ញាបនបត្រអធិការកិច្ច ហើយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកូតា ផលិតផលមួយចំនួន (ដូចជាអង្ករ ត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រកូតាពន្ធគយរបស់ប្រទេសចិន ហើយពន្ធគយក្នុងកូតាមានកម្រិតទាបរហូតដល់ ១%។ ជំហានគឺការបោសសំអាតគយ និងឆ្លងកាត់គយ បន្ទាប់ពីទំនិញមកដល់ផែចិន ត្រូវដាក់ឯកសារដូចជា ទម្រង់បែបបទគយ វិក្ក័យបត្រ បញ្ជីវេចខ្ចប់ជាដើម)។
សហគ្រាសទាំងអស់គួរតែយកចិត្តទុកដាក់ នូវបញ្ជីចូលប្រើប្រាស់ក្នុងទីផ្សារ និងស្តង់ដារអធិការកិច្ចថ្មីៗ នៃអគ្គនាយកដ្ឋានគយប្រទេសចិន។ ក្រុមហ៊ុននានាត្រូវពង្រឹងការគ្រប់គ្រងគុណភាព យោងតាមពង្រឹងការបង្ការ និងកំចាត់សត្វល្អិត និងជំងឺ និងការគ្រប់គ្រងសំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជៀសវាងកុំឱ្យមានការបដិសេធ មិនឱ្យចូលគយដោយសារបញ្ហាអធិការកិច្ច។ ក្រុមហ៊ុននានាត្រូវពឹងផ្អែកលើ ភាគលាភនៃកិច្ចព្រមព្រៀងពាណិច្ចកម្មសេរីនានា ដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមពន្ធគយ និងពង្រីកសក្តានុពលទីផ្សារ។ ក្រៅពីនេះ ក្រុមហ៊ុននានាត្រូវស្វែងរកវិធី
អាជីវកម្មថ្មី ដូចជាលក់កសិផលខ្លួនដល់អតិថិជនចិនដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែខ្លី និងបង្កើនប្រាក់ចំណេញ។ លោកសង្ឃឹមថា ការចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្ដល់ផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើនទៀត ឲ្យចូលទៅក្នុងទីផ្សារប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងអស់គ្នា!៕