(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាត់ទុកជំនួយរបស់ចិន លើការងារបោសសម្អាតមីននៅកម្ពុជា គឺជាការចូលរួមចំណែក រឹតចំណងមិត្តភាពប្រជាជន និងប្រជាជន និងនៅក្នុងដំណើរកសាងសហគមជោគវាសនារួម ដែលជាទស្សនវិស័យរួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា ភាគីកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ស្ថានទូតចិននៅកម្ពុជា ដោយមាន គម្រោងរៀងរាល់ ៣ឆ្នាំម្តង ហើយថ្មីៗនេះ រដ្ឋាភិបាលប្រទេសចិនបានសម្រេចផ្តល់ជំនួយ ចំនួន៤,៤លានដុល្លារអាមេរិក ដែលជាជំនួយឆ្នាំទី៣ នៃដំណាក់កាលទី៣ នៃគម្រោង ហើយគម្រោងនេះ មានគោលដៅ បោសសម្អាត រំដោះផ្ទៃដី នៅបណ្តាខេត្ត ដែលមានអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាល ដូចជា ដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ជាដើម ដែលជាខេត្តគោលដៅ សម្រាប់គម្រោងនេះ ព្រោះថា ជារួម គម្រោងរដ្ឋាភិបាលចិននេះ បានគាំទ្រផ្តល់ថវិកា ជូនរដ្ឋាភិបាលកម្ពុជា ប្រយោជន៍ទាំទ្រ ដល់សកម្មភាពរបស់អង្គភាព CMAC ដែលធ្វើប្រតិបត្តិការ ក្នុងខេត្តគោលដៅទាំងនេះ។

ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈជំនួយនេះ ជាការរឹតចំណងមិត្តភាព យ៉ាងសំខាន់ រវាងប្រជាជននិងប្រជាជន ហើយឯកឧត្តម ជឿជាក់ថា ការបោសសម្អាតមីន គឺជាចំណែកមួយនៃការចូលរួម នៅក្នុងទស្សនវិស័យ កម្ពុជា-ចិន ជោគវាសនារួម ដោយសារតែមួយផ្នែកធំនៃជំនួយនេះ គឺបានទៅដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារការគំរាមគំហែង ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់់ផ្ទុះ។

«ជំនួយនេះបានចូលទៅដល់គ្រប់សហគមន៍ ដែលជាខេត្តគោលដៅ របស់យើង ជាតំបន់គោលដៅ សហគមន៍ដែលយើងបើក ធ្វើការប្រតិបត្តិការ គឺជាចំណុចមួយ ហើយ ចំណុចសំខាន់...ជាទស្សនរួមសំដៅជំរុញ កិច្ចសហប្រតិបត្តិការរវាងជាតិ និងប្រជាជនទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ ជាមួយគ្នាបន្ថែមទៀត ហើយតាមរយៈជំនួយនេះ បានធ្វើឲ្យសកម្មភាពរបស់យើង គឺនៅជាមួយប្រជាជនជាក់ស្តែង លើតម្រូវការនៃការភ័យខ្លាច ដោយសារគ្រាប់មីនយុទ្ធភណ្ឌមិនទាន់់ផ្ទុះ លើដីស្រែចម្ការបស់គាត់ គឺយើងបានប្រើប្រភពធនធាននេះ ដើម្បីចូលរួមជួយគាំទ្រដល់ពួកគាត់ ដូច្នេះ ខ្ញុំមានជំនឿថា ជំនួយនេះបានចូលរួមយ៉ាងសកម្ម ហើយក៏ជាបច្ច័យយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរបស់យើង កាន់តែល្អប្រសើរថែមទៀត»

ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវ ដល់រដ្ឋាភិបាលនិងប្រជាជនចិន បន្តជួយដល់កម្ពុជា លើវិស័យបោសសម្អាតមីន ជាពិសេស មានទាំងជំនួយទៅលើវិស័យបច្ចេកវិទ្យា រួមមានទាំង AI ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន