(ភ្នំពេញ)៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាជំរុញឱ្យប្រព័ន្ធផ្សាយរដ្ឋចិន ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនវិបត្តិកូវីដ-១៩។

ក្នុងឱកាសអនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ដឹកនាំដោយលោក Feng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរដ៏សំខាន់ក្នុងចំណោមទីផ្សារទេសចរអន្តរជាតិនានា។ ដូច្នេះ ឯកឧត្តមលោកទឹកចិត្តដល់ប្រព័ន្ធផ្សាយរដ្ឋចិន មានដូចជាវិទ្យុមិត្តភាពកម្ពុជាចិន បង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ កត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ទៅកាន់ប្រជាជនចិនបានដឹង និងមកលេងកម្ពុជា កាន់តែច្រើនថែមទៀតព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរចិនហាក់មិនទាន់បាន មកច្រើនដូចមុនពេលកូវីដ-១៩ ថែមទៀតនៅឡើយទេ។

ឯកឧត្តមបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់ជាឆ្នាំផ្លាស់ប្ដូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរ។ ដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយ ពិតជាបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា និងចិន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យប្រព័ន្ធផ្សាយរបស់ចិនចូលរួម ប្រយុទ្ធប្រឆាំងក្លែងក្លាយឱ្យកាន់តែសកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។

លោក Feng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ ប្តេជ្ញាគោរពតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសន្យាបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែសកម្មថែមទៀត ពីចំណុចល្អៗដែលកម្ពុជាមាន ទាំងវប្បធម៌ និងទេសចរណ៍។ បច្ចុប្បន្ននេះវិទ្យុមិត្តភាពកម្ពុជា-ចិន ចូលរួមយ៉ាងសកម្មក្នុងការលើកម្ពស់ចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែប ដល់ប្រជាជនកម្ពុជា និងចិន។

ក្នុងឱកាសនោះលោកក៏បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីថា គោលបំណងនៃការសុំចូលជួបសម្ដែងការគួរសមនេះ គឺដើម្បីសុំអនុសាសន៍ណែនាំពីឯកឧត្តម ថ្មីៗបន្ថែមទៀតពីឯកឧត្តមរដ្ឋមន្ត្រី។ មួយវិញទៀត ក៏ដើម្បីរិតចំណងមិត្តភាពរវាង ថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងក្រុមការងារវិទ្យុមិត្តភាពកម្ពុជាចិន ឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។ ដោយសារតែឆ្នាំ២០២៥នេះ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ប្រចាំនៅរាជធានីភ្នំពេញ ត្រូវដល់អាណត្តិត្រូវត្រឡប់ទៅប្រទេសចិន ហើយត្រូវជំនួសដោយរួបលោក វិញ។

វិទ្យុមិត្តភាពកម្ពុជាចិនចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។ វិទ្យុមិត្តភាពកម្ពុជាចិន ស្ថិតនៅក្រោមចំណុះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group (CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយ ក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំ រាប់ពាន់លាននាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន