(ព្រៃវែង)៖ ដោយទឹកព្រះទ័យមេត្តាដ៏ថ្លៃថ្លាបំផុត សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ទ្រង់បានចាត់ឱ្យលោក ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានដឹកនាំលោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារ ស.ស.យ.ក, កាកបាទក្រហមកម្ពុជា ប្រចាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួមក្នុងកម្មពិធីពិនិត្យព្យាបាល ចែកថ្នាំជូន បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៤០០គ្រួសារ នៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង។

សូមជម្រាបជូនថា ការចុះពិនិត្យនិងព្យាបាល ចែកថ្នាំជូន បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៤០០គ្រួសារដែលបានចូលរួមឧបត្ថម្ភជំនួយពីម្ចាស់ជំនួយធំដោយលោក Dr Tim Keenanលោក ឌុក វឿន និងលោកស្រី ឌុច ច័ន្ទរីកា លោកវេជ្ជបណ្ឌិត នាម ឡុងហ៉ីន លោកស្រី ទាវ ប៊ុនចិន្ដា លោកកាបពីទែន Mr. MYINT ZAW OO Mr. Ming Hua Schan លោកវេជ្ជបណ្ឌិត ចាន់ ចេន់ថេងលោកវេជ្ជបណ្ឌិត ហាន ម៉េងហុង លោកស្រីវេជ្ជបណ្ឌិត ចន ម៉ាលីន។

ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ក៏ធ្លាប់មានព្រះរាជបន្ទូលថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព ស្ថិតនៅបរិវេណវត្វស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ៕