(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ» (High-Level Workshop: Cambodia’s Economic Diversification Pathways-Insights from International Experience)។
សិក្ខាសាលានេះមានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនរូប។
សិក្ខាសាលានេះ ក៏មានការចូលរួម និងចែករំលែកនូវចំណេះដឹងស្រាវជ្រាវអំពី មាគ៌ានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការយល់ដឹងពីបទពិសោធអន្តរជាតិ ពីលោកសាស្រ្តាចារ្យ Ricardo Hausmann ពីសកលវិទ្យាល័យ Harvard ដែលលោកសាស្រ្តាចារ្យត្រូវបានទទួលស្គាល់ជាសេដ្ឋវិទូអភិវឌ្ឍន៍មួយរូបដ៏ល្បីល្បាញលើពិភពលោក ហើយធ្លាប់បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក អំពីយុទ្ធសាស្ត្រក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាស្មុគស្មាញនានាក្នុងសេដ្ឋកិច្ច។
ក្នុងសុន្ទរកថាគន្លឹះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាប់ផ្តើមដោយគូសរំលេចអំពីចំណោទបញ្ហាលើមាគ៌ាកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីទាញចំណាប់អារម្មណ៍របស់អង្គសិក្ខាសាលា សំដៅបង្កើន និងផ្តោតការយកចិត្តទុកដាក់លើបទអន្តរាគមន៍របស់ លោកសាស្រ្តាចារ្យ Ricardo Hausmann តាមរយៈសំណួរគន្លឹះៗ ដូចជា តើកម្ពុជាចាប់យកសក្តានុពលដោយរបៀបណា ដើម្បីរក្សាកំណើន និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៃសង្គម-សេដ្ឋកិច្ច សំដៅធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា ក្នុងការធានាកំណើនប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់? ទន្ទឹមនេះ តើកម្ពុជានឹងរៀបចំមាគ៌ាអភិវឌ្ឍន៍ដោយវិធីណា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០?
ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលគាំទ្រដោយវិស័យកាត់ដេរ, ទេសចរណ៍, កសិកម្ម និងជាពិសេសសំណង់ និងអចលនទ្រព្យ ដែលជាលទ្ធផលកម្ពុជាបានកាត់បន្ថយភាពអត្រាក្រីក្រ និងបង្រួមវិសមភាពសង្គម យ៉ាងច្រើនអនេក។
ជាមួយគ្នានេះ សន្ទស្សន៍ Economic Complexity Index បានកើនពី -០,៧៦ ក្នុងឆ្នាំ ២០១២ ទៅ -០,២២ ក្នុងឆ្នាំ ២០២២។ ទោះបីជាយ៉ាងនេះក្តី ស្របពេលដែលមានការកើនឡើងនៃភាពមិនប្រាកដប្រជានៃនិន្នាការសកល និងតំបន់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តជួបប្រទះភាពមានកម្រិត នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតភាពទាប ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង, ការសម្របសម្រួល និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាននិងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រម «បន្តកែទម្រង់, កែតម្រូវ, បន្សាំ និងធ្វើឱ្យកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានលើកឡើងអំពី អភិក្រម ២កម្រិត (Two Tiers Approach) ក្នុងការអភិវឌ្ឍ ពោលគឺ អភិក្រមពីលើចុះក្រោម ដែលតម្រង់ទិស និងអន្តរាគមន៍ដោយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអភិក្រមពីក្រោមឡើងលើ ដែលអនុញ្ញាតឱ្យវិស័យឯកជន និងទីផ្សារ កំណត់នូវទិសដៅសេដ្ឋកិច្ច។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់ខ្លួនចំនួន៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជូនអង្គសិក្ខាសាលា៖
*ទី១៖ ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (social and human capital) នៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (comparative advantage) ក្នុងសេដ្ឋកិច្ច។
*ទី២៖ ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋ ត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ។
*ទី៣៖ ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា
*ទី៤៖ ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គម និងសេដ្ឋកិច្ច។
*ទី៥៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។
លោក វង្សី វិស្សុត បានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖
*ទី១៖ ធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ
*ទី២៖ បង្កើតការងារកាន់តែច្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា
*ទី៣៖ សម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០%
*ទី៤៖ បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ
*ទី៥៖ ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
យុទ្ធសាស្ត្រនេះ ក៏បានកំណត់អាទិភាពសំខាន់ៗចំនួន៥រួមមាន «មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា» ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងបញ្ចកោណទាំង ៥ រួមមាន៖ បញ្ចកោណទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជននិងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយចំណុចស្នូលនៃការជំរុញយុទ្ធសាស្ត្រនេះ គឺ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច»។
ជាលទ្ធផល សិក្ខាសាលានេះ អាចចូលរួមផ្តល់ជាមូលដ្ឋានដ៏សំខាន់ដល់ការតាក់តែង និងរៀបចំក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងផែនការនានា ដើម្បីជំរុញ និងពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា ខណៈពេលដែលសភាពការណ៍ពិភពលោក និងតំបន់ មានការវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន ហើយទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា ក៏បាននិងកំពុងហ៊ុមព័ទ្ធ ដោយហានិភ័យចម្បងៗខាងក្រៅជាច្រើនផងដែរ។
ជាចុងក្រោយ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង Growth Lab នៃសាកលវិទ្យាល័យ Harvard ដោយសារកិច្ចការ និងការស្រាវជ្រាវរបស់ Growth Lab ដែលមានម៉ូដែល Growth Diagnostics និង Economic Complexity Index សម្រាប់វិភាគ និងផ្តល់អនុសាសន៍លើមាគ៌ាពិពិធកម្មសេដ្ឋកិច្ច ហើយមានភាពពាក់ព័ន្ធខ្ពស់នឹងការរៀបចំ និងការអនុវត្តក្របខ័ណ្ឌ និងគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា។
សិក្ខាសាលាដ៏ពិសេសនេះ រៀបចំដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថាកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ព្រមទាំងជួយសម្រួលដល់កិច្ចសន្ទនាគោលនយោបាយ និងបង្កើនការយល់ដឹងក្នុងចំណោមអ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអន្តរជាតិធំៗនិងល្បីៗ លើកិច្ចការពិពិធកម្មសេដ្ឋកិច្ច៕