(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១៖៣០នាទី មានករណីជនសង្ស័យ២រូប ពាក់ឯកសណ្ឋានមន្ត្រី បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឃុំកណ្ដែង ស្រុកបាគង ខេត្តសៀមរាប។

យ៉ាងណាមិញ ឯកសណ្ឋានដែលបានជនសង្ស័យបានប្រើប្រាស់នោះ មិនមែនជាឯកសណ្ឋានរបស់មន្ត្រីជលផល ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនោះទេ។ នេះបើតាមការបញ្ជាក់ពី កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកកាន់បណ្ដាញព័ត៌មាន Fresh News ។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការបញ្ជាក់បន្ថែមពីលោកនាយផ្នែកប្រាសាទបាគង លោកប្រាប់ថា ពួកគាត់បានទៅពិនិត្យហើយ ឯកសណ្ឋាននោះមិនមែនជាឯកសណ្ឋានជលផល និងមន្ដ្រីជលផលឡើយ»

សូមជម្រាបថា ជនសង្ស័យទាំង២ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅប៉ុស្តិ៍នគរបាលប្រសាទបាគង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕