(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី និងផ្តល់កិត្តិយសឡើងថ្លែងសុន្ទរកថាគន្លឹះឆ្លុះបញ្ចាំងពី គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ»

សិក្ខាសាលាជាន់ខ្ពស់នេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា, លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក.អ.ក. និងលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងមានឋានៈជាសាស្ត្រាចារ្យ Rafik Hariri ទទួលបន្ទុកផ្នែកអនុវត្តន៍សេដ្ឋកិច្ចនយោបាយអន្តរជាតិ នៃសាលា Harvard Kennedy របស់សាកលវិទ្យាល័យ Harvard និងជាវាគ្មិនកិត្តិយសឡើងធ្វើបទឧទ្ទេសនាមពិសេស ព្រមទាំងមានអ្នកតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសិក្ខាកាមប្រមាណ ៦០រូបផ្សេងទៀត។

ក្រោមកិច្ចសហការពីទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។

បន្ថែមពីនេះ អង្គសិក្ខាសាលាបានផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងមានការចែករំលែកនូវបទពិសោធន៍ ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានតួនាទីសំខាន់ក្នុងការតាក់តែងគោលនយោបាយ ពិសេសគឺបទឧទ្ទេសនាមពីលោកសាស្ត្រាចារ្យ Ricardo Hausmann ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេលើការងារពិពិធកម្មសេដ្ឋកិច្ច។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពី គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន, ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធនកម្ម ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី «ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង» ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេងដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និងវិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ឆ្លៀតក្នុងឱកាសនេះដែរលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យ Ricardo Hausmann ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងផ្តល់កិត្តិយសឡើងធ្វើបទឧទ្ទេសនាមដែលពោរពេញដោយអត្ថន័យ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ចំពោះជំនួយ Australian AID តាមរយៈកម្មវិធី CAPRED ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់សិក្ខាកាមគ្រប់រូប ដែលបានចំណាយពេលវេលាពេញមួយព្រឹកចូលរួមស្តាប់ ឈ្វេងយល់ និងលើកជាយោបល់ក្នុងកិច្ចពិភាក្សា ដែលញ៉ាំងឱ្យអង្គសិក្ខាសាលាកាន់តែមានភាពផុសផុល និងបញ្ចប់ដោយជោគជ័យគ្រប់ជ្រុងជ្រោយ៕