(ភ្នំពេញ)៖ ក្នុងឳកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Eric Woo អនុប្រធានអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យពិនិត្យលទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា។
ជំនួបខាងលើនេះបានធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។
លោក Eric Woo បានជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីបទពិសោធន៍ការងាររបស់រូបលោកផ្ទាល់ ព្រមទាំងបានលើកឡើងអំពីបេសកកម្មរបស់ ECRI ដែលជាអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ មានបេសកកម្មស្រាវជ្រាវការថែទាំសុខភាព ជួយដល់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាថែទាំសុខភាព ដើម្បីសុវត្ថិភាពអ្នកជំងឺ។ ECRI ជួយអ្នកពាក់ព័ន្ធជាច្រើន តាមរយៈការស្រាវជ្រាវដ៏រឹងមាំ ការវាយតម្លៃបច្ចេកវិទ្យា ផ្តល់ព័ត៌មានត្រឹមត្រូវ ជួយអ្នកបង្កើតគោលនយោបាយរហូតដល់អ្នកផ្តល់សេវា ក្នុងការសម្រេចចិត្ត ដែលនាំទៅរកស្តង់ដារសុវត្ថិភាព គុណភាពខ្ពស់នៃការថែទាំអ្នកជំងឺ។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រសុខាភិបាល ប្រព័ន្ធសុខាភិបាល និងអាទិភាពរបស់វិស័យសុខាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ព្រមទាំងបានសង្កត់ធ្ងន់ថា ដោយពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងាររបស់ លោក Eric Woo ។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរជាបឋមជូនលោក Eric Woo ពិនិត្យលទ្ធភាពជួយសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការស្រាវជ្រាវអំពីការអនុវត្តប្រើប្រាស់និយាមស្តង់ដារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាពសេវាថែទាំ និងមន្ទីរពេទ្យ ឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺនៅកម្ពុជា៕