(ភ្នំពេញ)៖ កម្ពុជា និងប៉ាគីស្ថានមានឆន្ទៈចង់ពន្លឿនការចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺទេសចរមូស្លីម។

ការលើកឡើងនេះក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ និងពន្លឿនការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា-ប៉ាគីស្ថាន ព្រមទាំងការស្នើសុំឱ្យជួយផ្សព្វផ្សាយ និងលើកស្ទួយគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរ និងប្រជាជនមូស្លីមក្នុងការទាក់ទាញមកទស្សនាកម្ពុជាផងដែរ៕