(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ បានលើកឡើងថា ការកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ យើងបានធ្វើឡើងចំនួន៣លើកមកហើយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំងសំរាប់អ្នកចូលរួមទស្សនាជាដើម។

លោក សុខ ពេញវុធ បានបន្តថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ ដែលអ្នកចូលទៅទស្សនា ក្រោមការសម្របសម្រួលពីក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់។ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោករដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃ បានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។

គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះ៖ ក្រុមបាល់ទាត់តារាកម្ពុជានឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕