(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមហ៊ុន SpaceX-Starlink បានបញ្ជាក់គោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាបន្តជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា លើការងារបច្ចេកទេសផ្សេងៗ។

កិច្ចពិភាក្សាការងារនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខណៈសហការីក្រុមហ៊ុន SpaceX-Starlink ដឹកនាំដោយលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី និងសហការី ជាពិសេសក្រុមហ៊ុន SpaceX-Starlink ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាការងារបន្តជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា លើការងារបច្ចេកទេសផ្សេងៗ៕