(ក្រចេះ)៖ ប្រជាកសិកររស់នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មួយចំនួនបានងាកពីការដាំពោត មកដាំដំណាំថ្នាំជក់ច្រើនជាងឆ្នាំមុន រីឯទីផ្សារឆ្នាំនេះគឺទទួលតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅដែរ ហើយបច្ចុប្បន្នកំពុងចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។
លោកស្រី វន់ ស៊ីណា រស់នៅឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា ប្រជាកសិករ នៅក្នុងឆ្នាំនេះ ភាគច្រើននាំគ្នាសម្រុកធ្វើដំណាំថ្នាំជក់ច្រើនជាងដំណាំផ្សេងៗ ដោយសារដំណាំថ្នាំជក់មានតម្លៃល្អ ទទួលបានប្រាក់ចំណូលខ្ពស់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។
អ្នកភូមិបានលើកឡើងថា ការធ្វើដំណាំថ្នាំជក់នេះវាគ្រាន់ជាងធ្វើដំណាំពោត ដោយឆ្នាំកន្លងទៅពលរដ្ឋខាតបង់ដោយសារដាំដំណាំពោតច្រើន ដោយតម្លៃទីផ្សាពោតក្រហមធ្លាក់ចុះ ទើបឆ្នាំកសិករនាំគ្នាបង្វែរពីកាដាំពោតក្រហមមកដាំថ្នាំជក់ដែលពួកគាត់ធ្លាប់ដាំដំណាំប្រភេទនេះតាំងពីដូនតាមកម្ល៉េះ។ ពួកគាត់ថា បើទោះបីជាដំណាំថ្នាំជក់ វាប្រើដើមទុនច្រើនបន្តិចមែន តែវាក៏អាចរកប្រាក់ចំណូល បានគួរសមល្មមនឹងអាចចិញ្ចឹមជីវភាពប្រចាំថ្ងៃបានដោយស្រួល។
លោក សំ សំអាន ប្រធានការិយាល័យក្សេតសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាកសិករសម្រុកនាំគ្នាដាំដំណាំថ្នាំជក់លើផ្ទៃដី៦៧៥ហិកតា ក្នុងខេត្តក្រចេះនៅស្រុកចំនួន៣ គឺមានស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ហើយចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំមុនឃើញថាមានកាកើនឡើង។
លោកប្រធានការិយាល័យបន្តថា សម្រាប់តម្លៃទីផ្សាវីញ ក្នុងឆ្នាំនេះគឺលក់តម្លៃចាប់ពី១២០០០រៀល ទៅ១៣០០០រៀល ក្នុងមួយគីឡូក្រាម បើធៀបទៅនឹងឆ្នាំមុនមិនមានការធ្លាក់ចុះនោះទេ តម្លៃនៅតែល្អសម្រាប់បងប្អូនប្រជាកសិករ៕