(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីថៅកែរោងចក្រហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងកាលពី៩ថ្ងៃមុននោះ បានរៀបចំបើកប្រាក់ឈ្នួល ប្រាប់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការនីរបស់ខ្លួនចំនួន៤៤១នាក់រួចរាល់គ្រប់ៗគ្នា ដោយត្រូវចំណាយថវិកាសរុបជិត១២ម៉ឺនដុល្លារ ខណៈការខូចខាតបឋមរបស់រោងចក្រ អស់៥លានដុល្លារឯណោះ។
ការបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មកររោងចក្រហ្វ័រម៉ាតនេះ ធ្វើឡើងនៅសាលាខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺប្រព្រឹត្តទៅតាមការសន្យារបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងកាងាររ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសន្យាចំពោះកម្មករ-កម្មការនីក្នុងពេលដែលលោកចុះទៅជួបកម្មករ-កម្មការនី និងភាគីថៅកែរោងចក្រ បន្ទាប់ពីកើតហេតុការណ៍អគ្គិភ័យមួយថ្ងៃ។
គួរជម្រាបថា ហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រហ្វ័រម៉ាតទាំងស្រុងនេះកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តែមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះឡើយ។
ទោះបីជួបហេតុអកុសលយ៉ាងនេះក្ដី ប៉ុន្តែថៅកែរោងចក្រហ្វ័រម៉ាតជាជនជាតិកូរ៉េខាងត្បូង បានខ្នះខ្នែងស្វែងរកកិច្ចសម្របសម្រួលជាមួយក្រសួងការងារ និងអាជ្ញាធរ ដើម្បីអនុវត្តនូវភាពទទួលខុសត្រូវចំពោះកម្មករ-កម្មការនីរបស់ខ្លួន ថែមទាំងខិតខំពន្លឿនការដោះស្រាយឱ្យបានឆាប់បំផុត។ បើតាមអ្នកស្រី អាន់ នីកា ប្រធានផ្នែករដ្ឋបាលនៃរោងចក្រហ្វ័រម៉ាត ក្នុងចំណោមកម្មករ-កម្មការនីទាំង៤៤១នាក់ ម្នាក់ៗទទួលបានប្រាក់សរុបចាប់ពី១៨៧ដុល្លារ រហូតដល់ជាង៣០០ដុល្លារ ប្រសិនបើសរុបថវិកាមានទំហំប្រមាណជិត១២ម៉ឺនដុល្លារ។
ក្រោយពីកើតហេតុការណ៍អគ្គិភ័យនេះ ថៅកែរោងចក្របានស្វះស្វែងរកជួលទីតាំងថ្មីសម្រាប់បើកដំណើរការចង្វាក់ផលិតកម្មកាត់ដេរសម្លៀកបំពាក់នៅពេលឆាប់ៗខាងមុខ ក្នុងនោះរោងចក្រនឹងប្រកាសជ្រើសរើសកម្មករ-កម្មការនីចាស់របស់ខ្លួនឱ្យចូលធ្វើការវិញផងដែរ។ ទីតាំងរោងចក្រថ្មីនេះគឺនៅជិតសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះការខូចខាត បើការតាមការបូកសរុបបឋមរបស់ថៅកែរោងចក្រហ្វ័រម៉ាត គឺខាតបង់ប្រាក់ដល់ទៅ៥លានដុល្លារឯណោះ គិតតែចំពោះរោងចក្រនិងសម្ភារៈក្នុងរោងចក្រដែលឆេះអស់ទាំងស្រុង ដោយមិនទាន់គិតពីសំណងទៅកាន់ភាគីបញ្ជាទិញនៅឡើយទេ តែទោះជាយ៉ាងណាថៅកែរោងចក្រហ្វ័រម៉ាតនៅបូកសរុបការខាតបង់បន្ថែមទៀត ដែលមានច្រើនជាង៥លានដុល្លារនេះទៅទៀត។
ក្រោយពីបើកបានប្រាក់ឈ្នួលនេះហើយ កម្មករ-កម្មការនីគ្រប់គ្នាសុទ្ធតែបង្ហាញអារម្មណ៍ត្រេកអរ ដែលថៅកែរោងចក្របានបើកប្រាក់ឈ្នួលបានលឿន មិនឱ្យព្រួយបារម្ភ ឬរង់ចាំយូរថ្ងៃ។ កម្មការនី ចំរើន ស្រីល័ក្ខ ដែលបម្រើការនៅរោងចក្រហ្វ័រម៉ាត៤ឆ្នាំមកហើយនោះ បើកបានប្រាក់ឈ្នួលចំនួន១០ថ្ងៃចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ សរុបជាង២០០ដុល្លារ។ ចំរើន ស្រីល័ក្ខ នៅតែរង់ចាំចូលធ្វើការជាមួយថៅកែជនជាតិកូរ៉េនេះដដែល នៅពេលក្រុមហ៊ុនដំណើរការរោងចក្រថ្មីនាពេលខាងមុខនោះ។
កម្មករ ពេជ្រ ពណ្ណរាយ បើកបានប្រាក់ឈ្នួលចំនួន១០ថ្ងៃចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាង១៨០ដុល្លារដែរ។ ថ្វីដ្បិតរីករាយនឹងទទួលបានប្រាក់ឈ្នួលនេះក៏ពិតមែន ប៉ុន្តែ ពណ្ណរាយ ក៏មានចិត្តសោកស្ដាយចំពោះហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រហ្វ័រម៉ាត កន្លែងធ្វើការងារដ៏សុខដុមរបស់ខ្លួននេះ។
ជាកម្មការនីមានផ្ទៃពោះមួយរូប អ្នកស្រី ហន មេត្តា បានបម្រើការងារនៅរោងចក្រហ្វ័រម៉ាតនេះជិត៣ឆ្នាំមកហើយដែរ ហើយនៅថ្ងៃនេះអ្នកស្រីបើកប្រាក់ឈ្នួលចំនួន១០ថ្ងៃចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗក្នុងនាមជាស្ត្រីមានផ្ទៃពោះ សរុបជាង១,៧០០ដុល្លារ។ ជាកម្មការនីដែលមានសំណាង អ្នកស្រី ហន មេត្តា ត្រូវបានថៅកែរោងចក្រជនជាតិកូរ៉េជួយរកការងារបណ្ដោះអាសន្នជូនរួចហើយ ហើយនឹងចូលរួមធ្វើការនៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុននេះ។
ទន្ទឹមនឹងចិត្តត្រេកអរនេះដែរ កម្មករ-កម្មការនីទាំង៣នាក់សុទ្ធតែបានថ្លែងអំណរគុណចំពោះក្រសួងការងារ ដែលបានចុះជួយសម្របសម្រួលជាមួយកម្មកររោងចក្រ រហូតដល់មានការបើកប្រាក់ជូនពួកគាត់និងកម្មករ-កម្មការនីដទៃទៀតនៅថ្ងៃនេះ។
ជាការពិតណាស់ ដើម្បីជួយសម្រួលដល់ការស្វែងរកការងារថ្មីរបស់កម្មករ-កម្មការនីរោងចក្រហ្វ័រម៉ាត ក្រសួងការងារក៏បានអំពាវនាវដល់កម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលស្ថិតនៅក្នុងបរិវេណក្រសួង ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥។
សូមជម្រាបដែរថា រោងចក្រហ្វ័រម៉ាត (ខេមបូឌា) ខូអ៉ិលធីឌី បានបើកដំណើរការជារោងចក្រកាត់ដេរសម្លៀកបំពាក់តាំងពីឆ្នាំ២០១៥ ដោយបាននាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសម៉ិកស៉ិក៕