(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២៥នេះ ទស្សនាវដ្តីអន្តរជាតិមួយដែលមានឈ្មោះថា Asia Business Outlook បានចុះផ្សាយអំពីអ្នកប្រឹក្សាផ្នែកច្បាប់សាជីវកម្មដែលមានសក្តានុពលខ្ពស់ទាំង១០នៅកម្ពុជា ក្នុងឆ្នាំ២០២៥ ហើយក្នុងនោះក៏មានលោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិផងដែរ។
សមិទ្ធផលនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការពង្រឹងគុណភាពក្នុងការផ្តល់សេវាកម្មច្បាប់ជូនអតិថិជនរបស់លោកមេធាវី ក៏ដូចជាក្រុមហ៊ុនមេធាវីរហូតទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ពីអតិថិជន រួមទាំងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ ការទទួលស្គាល់នេះផងដែរ បានជំរុញឱ្យលោកមេធាវីកាន់តែមានឆន្ទៈក្នុងការរួមចំណែកក្នុងវិស័យច្បាប់ និងសាជីវកម្មដែលកំពុងតែរីកលូតលាស់នៅប្រទេសកម្ពុជា។
ដើម្បីឱ្យកាន់តែច្បាស់ សូមអានខ្លឹមសារអត្ថបទដែលបានចុះផ្សាយនៅលើគេហទំព័រទស្សនាវដ្ដី Asia Business Outlook ដូចខាងក្រោម៖
* ការរួមបញ្ចូលតម្លាភាព និងជំនាញក្នុងវិស័យច្បាប់សាជីវកម្មនៅកម្ពុជា៖
យោងតាមរបាយការណ៍របស់ Development Asia បានបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងខ្លាំងនូវសហគ្រាសធុនតូចនិងមធ្យម (MSMEs) ដែលបានរួមចំណែកជាង៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំកន្លងទៅ។ ការកើនឡើងនៃចំនួនសហគ្រាសនេះបានបង្កើតឱ្យមានតម្រូវការ ក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ពាក់ព័ន្ធនឹងសហគ្រាសអាជីវកម្មយ៉ាងទូលំទូលាយទូទាំងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសត្រូវប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួនដែលតម្រូវឱ្យពួកគេស្វែងរកការប្រឹក្សាយោបល់ផ្នែកច្បាប់ រួមមានបញ្ហាទាក់ទងនឹងការបំពានកិច្ចសន្យា ការចរចា ការព្រាងកិច្ចសន្យា ការចុះបញ្ជីអាជីវកម្ម ការស្នើសុំអាជ្ញាប័ណ្ណ និងកាអនុលោមតាមច្បាប់ រួមទាំងបញ្ហាពាក់ព័ន្ធនឹងការចុះបញ្ជីកម្មសិទ្ធិ ឬផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិ ការជួល ឬវិវាទទាក់ទងនឹងប្លង់កម្មសិទ្ធិ។ បន្ថែមពីនេះ រួមមានការស្វែងរកជំនួយក្នុងការចុះបញ្ជី និងការពារពាណិជ្ជសញ្ញា កម្មសិទ្ធិបញ្ញា និងប្រកាសនីយបត្រតក្កកម្ម ជាអាទិ៍។ ទន្ទឹមនឹងនេះ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកជំនាញក្នុងការផ្តល់ដំណោះស្រាយផ្លូវច្បាប់ចំពោះបញ្ហាខាងលើ ដោយចាប់ផ្តើមពីការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ ដើម្បីស្វែងយល់ពីស្ថានភាពតម្រូវការជាក់ស្តែង និងកង្វល់របស់អតិថិជន។ លោកតែងធ្វើការស្រាវជ្រាវ និងស្វែងយល់ពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងជាមួយបញ្ហាប្រឈមរបស់អតិថិជន និងផ្តល់មតិយោបល់ផ្នែកច្បាប់ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ស្របតាមតម្រូវការជាក់ស្តែង។ លោកក៏តំណាងឱ្យអតិថិជនក្នុងដំណើរការនីតិវិធី ប្រសិនបើវិវាទឈានដល់តុលាការ ឬតម្រូវឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចជា ការចរចា ឬសន្ធានកម្មជាដើម និងផ្តល់នូវជំនួយផ្នែកច្បាប់ និងមតិយោបល់ជាបន្តបន្ទាប់ ដើម្បីកែសម្រួលយុទ្ធសាស្ត្រស្របតាមកាលៈទេសៈ ឬការអភិវឌ្ឍថ្មី។ លោកមេធាវី លី រដ្ឋធី បានបន្តថា «ដំបូងឡើយ ខ្ញុំត្រូវបានជំរុញទឹកចិត្តឱ្យចាប់យកអាជីពក្នុងវិស័យច្បាប់ ដោយសារឆន្ទៈក្នុងការជួយក្នុងវិស័យយុត្តិធម៌ និងការតស៊ូមតិជំនួសឱ្យអ្នកដែលមានតម្រូវការ។ ខណៈពេលដែលខ្ញុំបានលូតលាស់ក្នុងគ្រួសារអ្នកជំនួញ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវស្វែងរកគន្លងផ្សេងដែលពឹងផ្អែកលើបញ្ញានិងជំនាញទន់ ជាជាងប្រើប្រាស់កម្លាំងកាយ។ អ្វីដែលសំខាន់បំផុត គឺខ្ញុំបានសង្កេតឃើញផលប៉ះពាល់ដែលបញ្ហាផ្នែកច្បាប់អាចជះឥទ្ធិពលលើបុគ្គល និងសហគមន៍ដែលជាហេតុជំរុញឱ្យខ្ញុំចូលរួម ក្លាយជាផ្នែកមួយនៃដំណោះស្រាយ»។
* ប្រវត្តិនៃការវិវឌ្ឍខ្លួន៖
លោកមេធាវី លី រដ្ឋធី បានចាប់ផ្តើមអាជីពជាមេធាវីនៅឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់នៅឆ្នាំ២០០៤ និងបានប្រឡងជាប់វិជ្ជាជីវៈមេធាវីនៅឆ្នាំ២០១០។ ក្នុងអំឡុងឆ្នាំ២០០៤ ដល់ឆ្នាំ២០១០ លោកបានបំពេញការងារនៅតាមស្ថាប័ន និងអង្គការនានា ដើម្បីពង្រឹងជំនាញផ្នែកច្បាប់ និងអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា សមត្ថភាពក្នុងការដឹកនាំនិងគ្រប់គ្រង។ ក្រោយមក ក្នុងឆ្នាំ២០១២ លោកបានចាប់ផ្តើមដោយក្លាយខ្លួនជាមេធាវីកម្មសិក្សានៅក្រុមហ៊ុនមេធាវីមួយ ដែលនៅទីនោះលោកបានទទួលនូវបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែង និងការណែនាំតម្រង់ទិស។ រយៈពេលបីឆ្នាំក្រោយមក នៅឆ្នាំ២០១៥ លោកបានបើកដំណើរការក្រុមមេធាវីផ្ទាល់ខ្លួនមួយកន្លែង ដែលមានសមាជិកត្រឹមតែពីរបីនាក់ប៉ុណ្ណោះ និងមានការិយាល័យតូចមួយ។ ក្រោយពីទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជនជាតិនិងអន្តរជាតិគ្រប់ជាន់ ថ្នាក់តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមមេធាវីរបស់លោកក៏បានវិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមេធាវីនៅចុងឆ្នាំ២០២២។ ការវិវឌ្ឍដ៏ធំនេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ក្រុមហ៊ុនមេធាវី រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងការិយាល័យ សេវាកម្មច្បាប់ ចំនួនមេធាវី បុគ្គលិក អតិថិជន និងដៃគូសហការ។ លើសពីនេះទៅទៀត នៅខែកក្កដា ឆ្នាំ២០២៤ លោកមេធាវី លី រដ្ឋធី បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងធុរកិច្ច (Honoris Causa Doctorate Award in Business Administration) ពីសាកលវិទ្យាល័យ Maryland State នៃសហរដ្ឋអាមេរិក។ បទពិសោធន៍ទាំងនេះបានជួយឱ្យលោកយល់ពីសារសំខាន់នៃប្រព័ន្ធច្បាប់ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការជួយអ្នកដទៃតាមរយៈការផ្តល់យោបល់ផ្នែកច្បាប់ប្រកបដោយភាពច្បាស់លាស់។ លោកមេធាវី លី រដ្ឋធី តែងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ការងារទាំង៣របស់ខ្លួន គឺស្មោះត្រង់នឹងវិជ្ជាជីវៈ ស្មោះត្រង់នឹងអតិថិជន និងស្មោះត្រង់នឹងខ្លួនឯង។ បេសកកម្មរបស់លោក គឺធានាថាសេវាកម្មដែលផ្តល់ជូនអតិថិជន មានភាពឆាប់រហ័ស ច្បាស់លាស់ និងប្រសិទ្ធភាព។
* ដំណើរការពង្រឹងអាជីវកម្មឱ្យមានភាពល្អប្រសើរ៖
នៅក្នុងដំណើរការអាជីវកម្មនៅប្រទេសកម្ពុជា យើងគប្បីពិចារណាលើមូលដ្ឋានផ្នែកច្បាប់សំខាន់ៗ រួមមាន ការជ្រើសរើសរចនាសម្ព័ន្ធសហគ្រាសដែលសមស្រប (ឧទាហរណ៍៖ សហគ្រាសឯកបុគ្គល ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនបរទេស ជាអាទិ៍) ដែលមានសារសំខាន់ផ្សាភ្ជាប់នឹងកាតព្វកិច្ចទទួលខុសត្រូវមួយចំនួន ដូចជា ការបង់ពន្ធ និងការបត់បែនក្នុងដំណើរប្រតិបត្តិការអាជីវកម្មជាដើម។ បន្ថែមពីនេះ ការយល់ដឹងអំពីតម្រូវការផ្លូវច្បាប់សម្រាប់ការចុះបញ្ជីសហគ្រាស ការស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ ក៏ជាការចាំបាច់ផងដែរ។ ជាងនេះទៅទៀត យើងគប្បីយល់ដឹងពីការអនុលោមតាមបែបបទរបស់ក្រសួងពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យជាក់លាក់នីមួយៗ ច្បាប់ស្តីពីការវិនិយោគដែលចែងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់វិនិយោគិនបរទេស រួមទាំងការកំណត់លក្ខខណ្ឌតាមវិស័យនីមួយៗ។ ការស្វែងយល់ពីកិច្ចព្រមព្រៀងទិញលក់ដីធ្លី និងជួលអចលនវត្ថុអាចមានលក្ខណៈស្មុគស្មាញ ដែលវិនិយោគិនគប្បីធានាឱ្យមាននូវការត្រួតពិនិត្យអំពីភាពត្រឹមត្រូវលើប្លង់កម្មសិទ្ធិ (Due Diligence) និងគោរពតាមច្បាប់ជាតិ។ ដើម្បីអាចជៀសវាងជម្លោះនៅក្នុងដំណើរការអាជីវកម្មបាន យើងក៏គួរយល់ដឹងអំពីច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងការជ្រើសរើសនិយោជិត សិទ្ធិរបស់និយោជិត កិច្ចសន្យាការងារ និងលក្ខខណ្ឌការងារចម្បងផ្សេងៗ។ ទន្ទឹមនឹងនេះ ចំណេះដឹងអំពីកាតព្វកិច្ចពន្ធ រួមមា នពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម និងពន្ធពាក់ព័ន្ធផ្សេងៗទៀត គឺមានភាពចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុ និងការអនុលោមតាមច្បាប់។ ក្នុងនាមជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ យើងគួរធានាថាពាណិជ្ជសញ្ញា ប្រកាសនីយបត្រតក្កកម្ម និងកម្មសិទ្ធិបញ្ញារបស់អតិថិជនត្រូវបានការពារនៅក្នុងប្រទេសកម្ពុជា ដើម្បីការពារផលប្រយោជន៍អាជីវកម្មរបស់អតិថិជន។ លោកមេធាវី លី រដ្ឋធី តែងចាប់ផ្តើមដោយការពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីស្វែងយល់ពីគោលបំណង ទំហំនៃគម្រោង និងក្តីបារម្ភរបស់វិនិយោគិន។ លោកផ្តល់យោបល់លើទិដ្ឋភាពអាជីវកម្ម ហានិភ័យដែលអាចកើតមាន និងឱកាសនានា ដើម្បីជួយដល់ការសម្រេចចិត្តរបស់អតិថិជន។ លើសពីនេះ លោកក៏ចូលរួមចំណែកក្នុងការជួយវិនិយោគិនឱ្យបានយល់ដឹង និងអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ រួមបញ្ចូលទាំងដំណើរការចុះបញ្ជី ការស្នើសុំលិខិតអនុញ្ញាតដែលចាំបាច់ និងការជួយរៀបចំ ឬពិនិត្យមើលកិច្ចសន្យាជាមួយដៃគូសហការក្នុងស្រុក អ្នកផ្គត់ផ្គង់ និងនិយោជិត ដើម្បីធានាឱ្យបាននូវភាពស្របច្បាប់ និងការពារផលប្រយោជន៍របស់វិនិយោគិន។ លោកបានមានប្រសាសន៍បន្ថែមថា «ខ្ញុំក៏ផ្តល់ការគាំទ្រជាបន្តបន្ទាប់ជូនអតិថិជន លើការអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលរួមមាន ការធ្វើសវនកម្មតាម កាលកំណត់ និងការធ្វើបច្ចុប្បន្នភាពលើបម្រែបម្រួលនៃច្បាប់។ ក្នុងករណីមានវិវាទ ឬបញ្ហាប្រឈមផ្នែកច្បាប់ ខ្ញុំផ្តល់ការណែនាំអំពីដំណោះស្រាយដែលល្អបំផុតជូនវិនិយោគិន និងការពារផលប្រយោជន៍របស់ពួកគេនៅពេលមានតម្រូវការ»។
* ការព្យាករណ៍នាពេលអនាគត៖
វិស័យច្បាប់នៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម។ ការកើនឡើងនូវក្របខ័ណ្ឌច្បាប់ដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យជាច្រើន ដូចជា ហិរញ្ញវត្ថុ អចលនទ្រព្យ ច្បាប់ការងារ ច្បាប់វិនិយោគ និងពន្ធដារ បានជួយដោះស្រាយបញ្ហាដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។ នៅក្នុងវិស័យដ៏ប្រកួតប្រជែងនេះ លោកមេធាវី លី រដ្ឋធី ទទួលបាននូវទំនុកចិត្ត និងការទទួលស្គាល់យ៉ាងច្រើន ដោយសារការយល់ដឹងស៊ីជម្រៅ និងភាពច្បាស់លាស់ក្នុងការផ្តល់សេវាកម្ម។ លោកមេធាវីបានបញ្ចប់ដោយការលើកឡើងថា «ការបន្តធ្វើកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ កំពុងតែបង្កើនទំនុកចិត្តពីសំណាក់សាធារណជនលើស្ថាប័នអនុវត្តច្បាប់ ដែលនឹងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»៕
- Magazine link:
- Listing: