(កណ្ដាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។

ក្នុងភូមិសាស្ត្រខេត្តកណ្តាល លោករដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួនពីរ ៖ទី១)គម្រោងការពារច្រាំងទន្លេប្រវែង២០០ម៉ែត្រ ជា Gabion Box ដោយរៀបបាវ Geotextile ផ្នែកខាងក្រោម ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២)គម្រោងការពារច្រាំងទន្លេប្រវែង៤៥០ម៉ែត្រ ជា Gabion Box ដោយរៀបបាវ Geotextile ផ្នែកខាងក្រោម ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោករដ្ឋមន្ត្រី និងក្រុមការងារ ព្រមទាំងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេមេគង្គប្រវែង១០០០ម៉ែត្រ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេឱ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕