(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រគល់សាកសពក្មេងប្រុសអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលវាយប្រហារកាលពីឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្មេងប្រុសទាំងពីរនាក់នោះ មានឈ្មោះថា Kfir Bibas និង Ariel Bibas ដែលមានអាយុទើប ៤ ឆ្នាំ គឺជាចំណាប់ខ្មាំងវ័យក្មេងបំផុត ដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន។ ការប្រគល់សាកសពនេះ បានធ្វើឱ្យមានការកាន់ទុក្ខនៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រោយដឹកចេញពីហ្គាហ្សា ដោយរថយន្តកាកបាទក្រហម សាកសពក្មេងប្រុសទាំងពីរនាក់ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ។ មឈូសនីមួយៗមានបិទរូបថតរបស់ចំណាប់ខ្មាំង ហើយក្រុមសកម្មប្រយុទ្ធហាម៉ាស់បានឡោមព័ទ្ធតំបន់នោះ ក្នុងអំឡុងពេលនៃការប្រគល់។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការដង្ហែរសពនេះ ដោយចាត់ទុកថា ជាទង្វើ «គួរឱ្យស្អប់ខ្ពើមនិងឃោរឃៅ»។ លោកបានអំពាវនាវឱ្យមានការគោរព ចំពោះសេចក្តីថ្លៃថ្នូររបស់អ្នកស្លាប់និងក្រុមគ្រួសាររបស់ពួកគេ។
នៅក្នុងប្រទេសអ៊ីស្រាអែល ប្រជាជនបាននាំគ្នាកាន់ទុក្ខ ចំពោះការស្លាប់របស់ក្មេងប្រុសទាំងពីរនាក់។ ប្រធានាធិបតីអ៊ីស្រាអែល បានសម្តែងការសោកស្តាយ និងបាននិយាយថា ប្រទេសជាតិទាំងមូលកំពុងកាន់ទុក្ខ។
គួរបញ្ជាក់ថា ការប្រគល់សាកសពនេះគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឈប់បាញ់រវាង អ៊ីស្រាអែល និងហាម៉ាស់ ដែលរួមមានផងដែរ នូវការដោះលែងចំណាប់ខ្មាំង និងអ្នកទោសបន្ថែមទៀត៕