(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូប្រកបដោយជោគជ័យ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងសម្រាប់យុវជនកម្ពុជា ក្រោមលក្ខខណ្ឌដូចគ្នាក្នុងកិច្ចព្រមព្រៀងដំបូង ដែលត្រូវបានចុះហត្ថលេខា កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនៅសារមន្ទីរ ស.ស.រ ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ផ្អែកលើសមិទ្ធផលដែលទទួលបានក្នុងឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នាដែលបានបន្តចុះ ស្តីអំពី « កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច » បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារចំពោះការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ។
មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ប្រមាណ ៩,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញ ពីតំបន់ក្បែររាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ អាចសិក្សាឈ្វេងយល់ បង្កើនកម្រិតវប្បធម៌ និងការយល់ដឹងរបស់ពួកគេ អំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយសារអនុស្សរណៈនៃការយោគយល់គ្នានេះ ចំនួនសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋដែលបានមកទស្សនាសារមន្ទីរ ស.ស.រ បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយឆ្នាំ ដែលគិតជាភាគរយប្រមាណ ៥៥% ខណៈដែលសិស្សមកពីគ្រឹះស្ថានអប់រំឯកជនមាន ៤៥% ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា៖ « អនុស្សរណៈនៃការយោគយល់គ្នានេះ មានអត្ថន័យលើសពីអ្វីដែលត្រឹមជាកិច្ចព្រមព្រៀងផ្លូវការមួយ វាជាការសន្យាជាមួយនឹងក្មេងជំនាន់ក្រោយរបស់យើង ដោយផ្តល់ឱកាសឱ្យពួកគេបានឃើញជាក់ស្តែងនូវអ្វីដែលបានរៀននៅសាលា។ ការទស្សនាទាំងនេះផ្តល់នូវចំណេះដឹង ជួយពួកគេឱ្យយល់អំពីតម្លៃនិងប្រវត្តិរូបិយវត្ថុ ព្រមទាំងសេដ្ឋកិច្ចរបស់យើង។ តាមរយៈការជំរុញអក្ខរកម្មហិរញ្ញវត្ថុតាំងពីវ័យក្មេងបែបនេះ យើងមិនត្រឹមតែរៀបចំយុវជនរបស់យើងឱ្យទទួលបានជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងភាពធន់ និងវិបុលភាពនៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ » ។
ចំណែកឯលោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានមានប្រសាសន៍ថា៖ « យើងខ្ញុំពិតជារីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមកសិក្សារៀនសូត្រអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ គម្រោងនេះរួមទាំងបានបន្តពង្រឹងនូវបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់សមាគមធនាគារនៅកម្ពុជា និងសមាជិកទាំងអស់ ចំពោះការប្តេជ្ញាចិត្តដ៏សប្បុរសក្នុងការអប់រំសេដ្ឋកិច្ច ហើយយើងខ្ញុំរង់ចាំបន្តកិច្ចសហប្រតិបត្តិការរបស់យើង និងពង្រីកទៅដល់គ្រឹះស្ថានអប់រំជាច្រើនទៀតនៅក្នុងរាជធានី និងខេត្តនានា »។
លោកបណ្ឌិត ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រកាសថា៖ « កិច្ចសហប្រតិការរវាងវិស័យឯកជននិងវិស័យសាធារណៈជាកត្តាចាំបាច់សម្រាប់វឌ្ឍនភាពសង្គមជាតិយើង »។
ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពភ្លាមៗរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងអាចបន្តសាជាថ្មីនាពេលខាងមុខ៕