(បាត់ដំបង)៖ លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកនាំកិច្ចប្រជុំពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង ដែលមានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃ អ.ជ.ប.គ.ញ, លោកឧត្តមសែនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំអាវុធហត្ថ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត។

លោក ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានរៀបចំផែនការចុះបំពេញបេសកកម្ម ពិនិត្យសភាពការណ៍លំហូរគ្រឿងញៀន នៅតាមច្រកព្រំដែន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

ក្រោយបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ក់ ជីតូ បានចុះពិនិត្យសភាពការណ៍នៅតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរ។ តាមផែនការនៅថ្ងៃទី២១ ខែកុម្ភៈស្អែក លោកនឹងបន្ដដឹកនាំមន្ដ្រីចុះពិនិត្យសភាពការណ៍ព្រំដែននៅខេត្តបន្ទាយមានជ័យ៕