(បាត់ដំបង)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ ស្ត្រីមានកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន២០នាក់ នៅមណ្ឌលសុខភាព តាសាញ ក្នុងស្រុកសំឡូតខេត្តបាត់ដំបង ដើម្បីចូលរួមអបអរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ និងចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺក្នុងមណ្ឌលសុខភាពចំនួន ៣នាក់។

ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ បាននាំប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបានការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូន​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។

លោកស្រី ក៏បានលើកទឹកចិត្តដល់ស្ត្រីមានកូនតូចគួរបំបៅកូនដោយទឹកដោះម្តាយ ដើម្បីឱ្យកូនមានសុខភាពល្អ មិនងាយឈឺ និងទទួលបានភាពកក់ក្តៅ​ពីម្តាយ និងទារកមានអាយុ៦ខែឡើង ត្រូវធ្វើបបរគ្រប់គ្រឿង​ដើម្បីឱ្យទារកមានសុខភាពល្អ និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមការណែនាំរបស់លោកគ្រូពេទ្យ៕