(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលយុវជនជប៉ុន-អាស៊ានឆ្នាំ២០២៥ នៅស្ថានបេសកកម្មជប៉ុនប្រចាំអាស៊ាន ។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ទេពកោសល្យ នវានុវត្តន៍ និងថាមភាពរបស់យុវជន ក្នុងការដោះស្រាយការប្រឈមក្នុងសង្គមនានា ជាពិសេស ក្នុងវស័យសុខាភិបាលសាធារណៈ និងនិរន្តភាពផ្នែកបរិស្ថាន។ លោកក៏បានលើកទឹកចិត្តការជំរុញគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន និងកិច្ចសហការកាន់តែជិតស្និទ្ធ ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន ព្រមទាំងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដដែលនេះ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Takio Yamada ឯកអគ្គរាជទូតទទួលបន្ទុកការជំរុញសហគមន៍បញ្ចេញឧស្ម័នសូន្យតំបន់អាស៊ី (AZEC) និងជាជំនួយការពិសេសរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ជាពិសេស ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្លាស់ប្តូរថាមពល និងការជំរុញដំណោះស្រាយកាបោនទាប និងប្រកបដោយចីរភាព ដើម្បីគាំទ្រដល់គោលដៅក្នុងតំបន់។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ton Thi Ngoc Huong តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ​បានផ្តោតលើការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគោលដៅរួមរបស់អាស៊ាន ព្រមទាំងបានរិះរកអាទិភាពថ្នាកតំបន់សំខាន់ៗ និងបញ្ជាក់ឡើងវិញពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង​ដំណើរការ​កសាងសហគមន៍អាស៊ាន។

នៅក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការអាស៊ាន ក៏បានអបអរសាទរវៀតណាម ដែលបានរៀបចំវេទិកាអនាគតអាស៊ានលើកទី ២ ដែលគ្រោងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ដែលឯកឧត្តមនឹងអញ្ជើញចូលរួមផងដែរ។

នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា ក្នុងពិធីដាក់ឱ្យដំណើរការផែនការភាពជាដៃគូអភិវឌ្ឍន៍ថ្នាក់តំបន់អូស្ត្រាលី-អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤-២០២៨។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីទំនាក់ទំនងដែលមានយូរមកហើយរវាងអាស៊ាន និងអូស្ត្រាលី និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអស់រយៈពេលជាង៥ ទសវត្សរ៍មកនេះ។ លោកក៏បានស្វាគមន៍ការដាក់ចេញផែនការភាពជាដៃគូ ដែលនឹងធ្វើឱ្យអាទិភាពរបស់អាស៊ាន និងអូស្ត្រាលី ទទួលបានផ្លែផ្កា ដែលជាផ្នែកនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី និងការបន្តគាំទ្ររបស់អូស្ត្រាលី សម្រាប់ការកសាង និងសមាហរណកម្មសហគមន៍អាស៊ាន។

នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Bovonethat Douangchak, តំណាងអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន បានចូលជម្រាបលាលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិការទូត។

លោកអគ្គលេខាធិការអាស៊ាន បានសម្តែងនូវអំណរគុណចំពោះលោក Bovonethat Douangchak សម្រាប់តួនាទីដ៏សំខាន់របស់គាត់ នៅក្នុងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ជាពិសេសនៅពេលឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា នឹងផ្តល់ការគាំទ្រដល់អ្នកជំនួសលោក Bovonethat Douangchak ព្រមទាំងស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន ក៏បានជូនពរឯកឧត្តមទូត ទទួលបានជោគជ័យក្នុងភារកិច្ច និងតួនាទីនាពេលខាងមុខរបស់គាត់ផងដែរ៕