(ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ​ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ លោកបានបន្ថែមថា «របាយការណ៍​មួយ​ចំនួន​បានលើកឡើង​មិន​ត្រឹម​ត្រូវ​។ បញ្ហា​នេះ​បាន​បង្ក​បញ្ហា​ដល់​ភាគី​កម្ពុជា ដោយសារ​គាត់​មិនបាន​ធ្វើ​បែប​នេះ​។ ព័ត៌មានត្រូវតែផ្អែកលើការពិត»៕