(ភ្នំពេញ)៖ នៅថ្ងៃទី១៩-២០ ខែកុម្ភ: ឆ្នាំ២០២៥ សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ទី៩ ចំនួន៣៥០នាក់ នៅសាខាចោមចៅ ចាក់អង្រែក្រោម ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug។

នាយកចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងចោមចៅ ចាក់អង្រែក្រោម បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ ទី៨ ទី៩។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានកោតសរសើរ ថ្លែងអំណរគុណ ពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាល ដែលបានចូលរួមលើក កម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដើម្បីពួកគេមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែសកម្មបន្ថែមទៀត។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថា ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនតាមរយៈសិស្សានុសិស្សពិតជាបានដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ព្រោះថា ពួកគាត់មានឱកាសចូលមកសិក្សាផ្ទាល់ទទួលចំណេះដឹងផ្ទាល់ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូច្នេះពួកគាត់នឹងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជួយអប់រំ ក៏ដូចជាអង្កេតទៅលើសមាជិកក្រុមគ្រួសាររបស់ពួកគាត់ថាពេញមួយថ្ងៃនេះ តើសមាជិករបស់ពួកគាត់ទៅទីណាខ្លះគាត់ទៅសិក្សា ឬទៅធ្វើការពិតប្រាកដមែន ឬទេ «យុវជនល្អរួមគ្នាគាំទ្រកម្ចាត់គ្រឿងញៀន»។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរអ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិកនិងរួមគ្នាផ្សព្វផ្សាយ និងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា «សហគមន៍របស់ពួកគាត់រីកចម្រើន ទៅបានលុះត្រាតែគ្មានបញ្ហាគ្រឿងញៀនញាំញី»។

វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត ឧត្តមសេនីយ៍ត្រី ឈិន ភូមា បានបង្ហាញចែករំលែកជូនអ្នកចូលរួមនូវចំណេះដឹងទូទៅពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិចនិងការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕