(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនកងកម្លាំងកងទ័ព និងកងនគរបាលការពារព្រំដែនគោកលេខ៩០៥ នៅជួរមុខចំណុចបង្គោលសីមាលេខ២ និងលេខ៣ សមូរភូមិទិសទី២ ស្ថិតនៅ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ ឈាមស្រស់ ពុះពារគ្រប់ឧបសគ្គ ដើម្បីការពានូវបូរណភាពទឹកដីឱ្យបានគង់វង្ស។

អភិបាលខេត្តឧត្តរមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្ដោយ ខ្សែបន្ទាត់ព្រំដែន និងបានប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍​ដល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។

លោក មាន ចាន់យ៉ាដា បានថ្លែងបន្តថា កត្តាដែលព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺយើងមិនភ្លេចបានពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុដើម្បីជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល​ក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមជាតិ។

អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំដល់កងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវច្បាប់ បទប្បញ្ញត្តិ សេចក្ដីណែនាំរបស់ថ្នាក់ជាតិ ជាពិសេសគឺបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនដល់កងកម្លាំងទាំងពី គឺកម្លាំងនាយ និងពលទាហាន នៃកងអនុសេនាធំលេខ២ និងកងអនុសេតូចលេខ១ ចំណុះកំលាំងផ្នែកសឹករងអន្លង់វែង និងជូនដល់កងនគរបាលវរៈការពារ ព្រំដែន៩០៥ផងដែរ៕