(បាត់ដំបង)៖ ដើម្បីអបអរទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤កុម្ភៈ ២០២៥ខាងមុខនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោមមូលបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព»។
ពិធីនេះធ្វើឡើង នៅស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ អង្គការម៉ែក យុវជន និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំឡូត, ស្រុកបាណន់, ស្រុករតនមណ្ឌល សរុបចំនួន១១៣នាក់។
ក្នុងឱកាសនេះ លោក សុខ លូ ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានស្នើប្រតិបត្តិករទាំងអស់ត្រូវខិតខំឆ្លើយតបដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សំណូមពរដល់ប្រជាពលរដ្ឋដោយប្រមូល និងកម្ទេចចោលគ្រាប់មីនយុទ្ធភ័ណ្ឌបន្សល់ទុកដែលប្រជាពលរដ្ឋបានរាយការណ៍។
លោក សុខ លូ បានស្នើប្រជាពលរដ្ឋទាំងអស់ជៀសវាងការរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថា ជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ក្នុងបំណងណាមួយ ដូចជា ប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងវត្ថុដែលសង្ស័យថាគ្រឿងផ្ទុះជាដើម។
លោកស្នើរដ្ឋបាលស្រុក រដ្ឋបាលឃុំអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ជួយធ្វើការអប់រំយល់ដឹងពីមីន និងការសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាពនៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីជៀសវាងពីគ្រោះថ្នាក់ពីបញ្ហាមីនជាយថាហេតុ។ ព្រមទាំងជួយផ្សព្វផ្សាយឲ្យបានទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិការនានា ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿង
ផ្ទុះ និងគ្រាប់រំសេវឲ្យបានជ្រាបគ្រប់ៗគ្នា។
លោកស្រី ពុំចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា ក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះរបួស ពិការ និងគ្រួសារសពស្លាប់ដោយសារមីនព្រមទាំងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬ នៅតាមមន្ទីរពេទ្យដោយផ្ទាល់ និងបានទទួលនូវសេវាថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងសម្របសម្រួល ដើម្បីទទួលបានសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ជាពិសេសទៅទៀតដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី អគ្គលេខាធិការ និងលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានចែកអំណោយជូនជនមានពិការភាព ចំនួន៣០នាក់។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ បានរៀបចំដង្ហែក្បួនផ្សព្វផ្សាយ ចេញពីវិទ្យាល័យសំឡូត ឆ្ពោះទៅទីប្រជុំជនផ្សារស្រុកសំឡូតផង៕