(ស្ទឹងត្រែង)៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M ជំហានទី១ ឆ្នាំ២០២៥ សម្រាប់ប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់ មជ្ឈមមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។
នាឱកាសនោះលោក ម៉ុល វិបុល ក៏បានលើកឡើងអំពីដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចដែលរាជរដ្ឋាភិបាល ដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងគោលបំណងកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ភាពស្អាតស្អំ, កសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, បង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។
លោក ម៉ុល វិបុល ក៏បានរំលេចអំពីអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការបំផុសស្មារតីដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតទាំងអស់ឱ្យយល់កាន់តែច្បាស់ អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ចូលរួមការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ។
ថ្លែងក្នុងនាមលោក ហេង សួរ, លោក ម៉ុល វិបុល បានវាយតម្លៃខ្ពស់ ចំពោះមជ្ឈមមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង ដែលខិតខំអភិវឌ្ឍន៍មូលធនមនុស្ស ដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផល ចូលរួមក្នុងការលើកកម្ពស់ទាំងវិស័យអប់រំ និងជំនាញ ។
លោកក៏បានជំរុញបន្ថែមដល់មជ្ឈមមណ្ឌល ត្រូវបន្តកិច្ចខិតខំរបស់ខ្លួន ធ្វើយ៉ាងណា បន្តជំរុញផ្សព្វផ្សាយ សិស្សនិស្សិត ពិសេស បងប្អូនដែលជួបការលំបាក មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មកចូលសិក្សារ កម្មវិធី ពិសេស TVET 1.5M ជំហានទី១ ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ក្នុង ១ ខែ ២៨ ម៉ឺនរៀល បានទាំងថវិកា និងបានទាំងចំណេៈជំនាញផងដែរ៕