(កំពង់ធំ)៖ លោកស្រី សុទ្ធ សុនីន អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ធំ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសហការីនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខលោកស្រី ស៊ុំ នឿន អាយុ ៨៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតលោក គឹម យ៉ុន ប្រធានគណៈកម្មាធិការ ស.ស.យ.ក ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង និងប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ​នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ។

លោកស្រី បានផ្ដល់កម្លាំងចិត្ត និងជូនពរដល់លោកស្រី ស៊ុំ នឿន ឲ្យបានឆាប់ជាសះស្បើយ ពីជំងឺដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សមាជិកសមាជិកា​សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ដែលបានលះបង់នូវពេលវេលាថវិកា​ក្នុងការចូលរួមសួរទុក្ខ និងជូនពរអ៊ុំស្រីនៅក្នុងឱកាសនេះ។

ជាមួយគ្នាដែរសមាជិកសមាជិកា ស.ស.យ.ក ស្រុកស្ទោង៣រូប គឺលោក សួគ៌ ប៊ុនធង លោក ញឹប សារុន និងលោក សួង សោភ័ណ បានបរិច្ចាកឈាម ម្នាក់១ប្លោក សម្រាប់ជួយសង្គ្រោះលោកស្រី ដែលកំពុងត្រូវការឈាមជួយសង្គ្រោះជាចាំបាច់។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរក្រុមការងារបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១លាន៦៣ម៉ឺនរៀល ព្រមទាំងភេសជ្ជៈមួយចំនួន ដើម្បីសម្រាលទុក្ខលោកស្រី ស៊ុំ នឿន និងក្រុមគ្រួសារផងដែរ៕