(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិការគណបក្សមូលដ្ឋានក្រុងសៀមរាប ដែលមានសមាជិកបក្សមកពីសង្កាត់ទាំង១២ និងក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានចូលរួមប្រមាណ ៦០០នាក់។
ក្នុងឱកាសនោះបន្ទាប់ពីលោកស្រី កុយ វិសាល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការនៃគណបក្សក្រុង អានប្រកាសសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារកសាងសមាជិកគណបក្សថ្មី ចុះមូលដ្ឋានក្រុង និងសង្កាត់ទាំង១២ នៃក្រុងសៀមរាប និងបានស្ដាប់នៅសេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រួមនឹងវឌ្ឍនភាពនៃការរីកចំរើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូរទាំងក្រុងសៀមរាប ដែលអានដោយលោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប និងការប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី ដែលបានចាកចេញពីគណបក្សរបស់ខ្លួន មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាមូលដ្ឋានក្រុងសៀមរាបទាំង ៦៤នាក់រួចមក។
លោក ឥត សារ៉ាត់ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ទៀ សីហា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប, លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចិត្តខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ របស់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់ ពិសេសសមាជិកក្រុមការងារចុះជួយមូលដ្ឋានក្រុងសៀមរាប ដែលរហូតមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។
លោកបានលើឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំ៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។
លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ផងដែរអំពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់ប្រជាជនបានឡើយ។
លោកក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សក្រុងសៀមរាប គណបក្សសង្កាត់ទាំង១២ និងក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានក្រុងសៀមរាប ឲ្យយកចិត្តទុកដាក់បង្កើន និងពង្រឹងសមាជិកគណបក្សចាស់ និងថ្មី ទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ដោយឡែកសម្រាប់មន្ត្រីក្រុមការងារចុះពង្រឹងគណបក្សមូលដ្ឋាន, លោក ឥត សារ៉ាត់ ក៏បានផ្ដល់ការលើកទឹកចិត្ត ឱ្យមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ទាំងអស់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើសនានាដូចជា ក្មេងទំនើង បងតូចបងធំ ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព ពិសេសអនុវត្តឱ្យបានជាប្រចាំ នូវភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ៕