(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យសមាគមគ្រូពេទ្យកុមារកម្ពុជាបង្កើនការងារបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យក្នុងឳកាសបានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា ផ្នែកវេជ្ជសាស្រ្តកុមារ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជំរុញដល់សមាគមគ្រូពេទ្យកម្ពុជាឲ្យបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។
លោកសាស្រ្តាចារ្យក៏បានគាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសសើរការងាររបស់សមាគមបានធ្វើកន្លងមក គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដោយត្រូវផ្តោតសំខាន់ៗរួមមាន៖
១៖ ត្រូវបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមាររបស់យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលវេជ្ជសាស្រ្តផ្នែកកុមារ គឺពិតជាសំខាន់ ដែលជាមូលដ្ឋានអនាគតរបស់ប្រទេស
២៖ ត្រូវវិនិយោគផ្នែកកុមារ ដោយត្រូវផ្តោតសំខាន់លើជំនាញ ប្រាជ្ញា ស្មារតី តាមរយៈការចងក្រងឯកសារយុទ្ធសាស្រ្ត និងការអប់រំវេជ្ជបណ្ឌិតជំនាញកុមារ
៣៖ ត្រូវបង្កើនកិច្ចសហការគ្នា ជាមួយដៃគូអន្តរជាតិ អន្តរស្ថាប័ន អន្តរវិស័យ ដើម្បីជួយគាំទ្របច្ចេកទេស រោគវិនិច្ឆ័យ និងព្យាបាលផ្នែកវេជ្ជសាស្រ្តកុមារ
៤៖ ត្រូវបង្កើនការបណ្តុះបណ្តាល អ្នកជំនាញឯកទេសកុមារឱ្យកាន់តែច្រើន ជាពិសេសនៅតាមបណ្តាខេត្ត និងជនបទ ដោយត្រូវបង្កើនការបណ្តុះបណ្តាលបន្ថែមទាំងមុន និងកំពុងបម្រើការងារ ៥) ត្រូវមានកិច្ចសហការ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូ លើផ្នែកទារក និងកុមារ។
ជាចុងក្រោយលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារនៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ និងព័ត៌មានថ្មីៗ ព្រមទាំងពិធីសារថ្មីៗក្នុងការគ្រប់គ្រងព្យាបាលនៃជំងឺកុមារ បន្តឱ្យមាននិរន្តរភាពការរៀបចំជារៀងតទៅទៀត។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់មន្រ្តីសុខាភិបាល និងសមគមទាំងអស់ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដោយត្រូវចេះសាមគ្គី យោគយល់ និងចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍រវាងគ្នានិងគ្នា ក្នុងស្មារតីគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយចាត់ទុកអ្នកជំងឺ ដូចជាសមាជិកគ្រួសារយើងដែរ។
សូមជម្រាបថា ទិវាវេជ្ជសាស្រ្តកុមារ បានរៀបចំឡើងក្នុងគោលដៅផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥៕