(កំពង់ធំ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា​ ជំនាញបច្ចេកទេសវិជ្ជាជីវៈ ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព ដោយរៀន​រយៈពេលខ្លី ហើយអាចទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័ស ដើម្បីជួយខ្លួនឯង និងគ្រួសារ។

លោក ហេង សួរ បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីគ្រប់អ្នកពាក់ព័ន្ធប្រមាណជិត ២.០០០នាក់។

បន្ថែមពីនេះលោក ហេង សួរ ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់និស្សិតជ័យលាភី និងនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈដ៏ត្រឹមត្រូវ សម្រាប់អនាគត់ ព្រោះថាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយដែលមានរយៈពេលខ្លី មានជំនាញលឿនអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាព​បត់បែន ដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ ។

លោក ក៏បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសក្តិសមបំផុត សម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សាឱ្យមានជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង និងគ្រួសារ។

លោក ហេង សួរ បានបញ្ជាក់ដែរថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំណត់ទិសដៅជាអាទិភាព​ក្នុងការបណ្តុះបណ្តាល​ជំនាញបច្ចេកទេស ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ ក្នុងគោលបំណងប្រែក្លាយកម្ពុជា ពីប្រទេសអតិពលកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញពិតប្រាកដ។

ជាមួយគ្នានេះលោក ហេង សួរ បានជំរុញឲ្យសិស្ស-និស្សិត ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីទទួលបាននូវអត្ថប្រយោជន៍​សម្រាប់ខ្លួនឯង បន្តផ្សព្វផ្សាយ​ឲ្យដល់គ្រប់ស្រទាប់​មហាជនដូចជា ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់អំពីការសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកុំខេត្តកំពង់ធំ ក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀតផងដែរ។

បើតាមលោក ឯក ហៀង នាកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឲ្យដឹងថា វិទ្យាស្ថានត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការឧបត្ថម្ភថវិកាពីធនាគារអភិវឌ្ឍន៏អាស៊ី (ADB ) ដែលមានឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បន្តតម្លើងថ្នាក់បណ្តុះបណ្តាល ពីថ្នាក់វិញ្ញាបនបត្រ ទៅថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១,២,៣ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬឯកទេស ឬបរិញ្ញាបត្ររង ។

លោកបន្តថាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខៈ២៦ អ.ន.ក្រ.បក បានប្រែក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានការិយាល័យចំនួន៣ និងមានដេប៉ាតឺម៉ង់ចំនួន៥ មាន៖ ដេប៉ាតឺម៉ង់អគ្គីសនី និងអេឡិចត្រូនិក, ដេប៉ាតឺម៉ង់សំណង់ស៊ីវិល និងស្ថាបត្យកម្ម, ដេប៉ាតឺម៉ង់មេកានិច យន្តសាស្រ្តរថយន្ត, ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ធុរកិច្ច ទេសចរណ៍ និងភាសាបរទេស និងដេប៉ាតឺម៉ង់កសិកម្ម។

គួរបញ្ចាក់ថា សិស្ស-និស្សិត ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនាថ្ងៃនេះសរុបទាំងអស់ចំនួន ១០០៨ នាក់ (ស្រី៤៣៦ នាក់) ក្នុងនោះ កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាចំនួន ៦២ នាក់ ស្រី ៣២ នាក់, សញ្ញាបត្រ ជាន់ខ្ពស់ បច្ចេកទេស ចំនួន ៣០២ នាក់ ស្រី ១៥៥ នាក់ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៤៤នាក់ ស្រី ២៤៩ នាក់ ដោយចាប់ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២៤៕