(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់​ទឹកប្រាក់ជាង ៣២ម៉ឺនដុល្លារ ក្នុងវត្តពោធិ៍ធម្មរង្សី ហៅវត្តទួលឡូវ ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ។

ក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា សមិទ្ធផលជាច្រើននៅក្នុងវត្តទួលនៅទីនេះ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមានដូចជា ឧបដ្ឋានសាលាថ្មី សួនច្បារក្នុងបរិវេណវត្ត ចេតិយរួមមានទំហំ ៥ ម៉ែត្រ X ១៥ម៉ែត្រ ព្រមទាំងផ្លូវបេតុងថ្មី ចេញពីខ្លោងទ្វារខាងលិច មកទល់និងខាងកើត ដែលគិតជាទឹកប្រាក់នៃការសាងសង់មកដល់ពេលនេះ អស់ប្រមាណជាជាង ៣២ម៉ឺនដុល្លារអាមេរិក។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគនូវធនធានថវិកា ដែលជាបច្ច័យផ្ទាល់ខ្លួន បានចូលរួមកសាងនូវសមិទ្ធផលនានានៅក្នុងបរិវេណវត្តទួលឡូវនេះ ដែលសមិទ្ធផលទាំងនេះ កើតចេញពីសទ្ធា ការគោរព និងការឲ្យតម្លៃដល់វិស័យព្រះពុទ្ធសាសនា ជាពិសេសគឺបានជួយជ្រោមជ្រែង ឱ្យវិស័យព្រះពុទ្ធសាសនាយើងនេះ មានការរីកចម្រើននិងការអភិវឌ្ឍ ស្របតាមវិស័យអាណាចក្រដែលកំពុង មានការរីកចម្រើនលើគ្រប់វិស័យផងដែរ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ការអភិវឌ្ឍន៍នៅក្នុងទីអារាមមួយនេះនៅមិនទាន់ចប់ទេ ពីព្រោះត្រូវរៀបចំឱ្យទីអារាមនេះមានសោភ័ណភាព ដោយត្រូវរៀបចំឲ្យមានទីធ្លា មានការដាំផ្កា ដាំស្មៅ តុបតែងលំអរបន្ថែមទៀត ដោយហេតុថា ទីតាំងភូមិសាស្ត្រវត្តទួលឡូវនេះ មានទំហំធំទូលាយ មានអំណោយផលអាចប្រែក្លាយជាតំបន់ទេសចរណ៍មួយដែរ គឺទេសចរណ៍បែបសាសនា ផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលមានស្រះ មានបឹង និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ជាពិសេសប្រសិនបើមានការប្រារព្ធពិធីបុណ្យធំៗ គឺអាជ្ញាធរអាចជ្រើសរើសយកទីតាំងវត្តនេះតែម្ដង ដូចជារៀបចំសង្ក្រាន្តឆ្នាំថ្មីជាដើម៕