(ព្រះវិហារ)៖ ស្ពានបេតុង ១កន្លែងប្រវែង ៧៥ម៉ែត្រ (ស្ពានស្ទឹងមេម៉ាយ) និងផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយដីក្រួសចំនួន ១ខ្សែប្រវែង ១៧០០ម៉ែត្រ ស្ថិតនៅភូមិជាំស្រែ និងភូមិយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងស្ពាន ជាច្រើនរូបទៀត។
នាឱកាសនោះ លោក នួន ដាញ៉ិល បានថ្លែងលើកឡើងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើកា សម្រេចឱ្យបាន តាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន៖
*ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
*ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
*ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
*ទី៤៖ ការពង្រឹងស្ថាប័នអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។
លោករដ្ឋលេខាធិការ បានថ្លែងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមអមសងខាងស្ពាន មេត្តាចូលរួមសហការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជំរុញឱ្យដំណើរការ អនុវត្តគម្រោងនេះ ទទួលបានជោគជ័យតាមផែនការ និងសុំការអធ្យាស្រ័យយោគយល់ពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោង នូវរាល់ការរំខាន និងរាល់ការប៉ះពាល់ផ្សេងៗ ក្នុងអំឡុងពេលនៃការអនុវត្តការងារ។
លោក នួន ដាញ៉ិល ក៏បានថ្លែងសំណូមពរអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបានកសាងកន្លងមក ពិសេសសមិទ្ធិផលថ្មីនេះ បន្ទាប់ពីបញ្ចប់គម្រោង សំដៅធានាឱ្យការប្រើប្រាស់បានយូរអង្វែង ជាមួយនឹងការចែកក្រម៉ាដែលជាអំណោយដ៍ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ជូនប្រជាពលរដ្ឋដែលបានចូលរួមទុកជាអនុស្សាវរីយ៍ផងដែរ៕