(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំឱ្យអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ដល់ដំណឹងដល់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ឱ្យត្រៀមលក្ខណៈចូលរួម ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នឹងដឹកនាំដោយផ្ទាល់នៅដើមខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៣ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាល, លោកសាស្ត្រាចារ្យ ដែលជាសមាជិកក្រុមប្រឹក្សាបរធនបាល និងក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

កិច្ចប្រជុំនេះផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

ក្នុងឆមាសទី២ ឆ្នាំ២០២៤, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនប្រមាណ ២២ លានដុល្លារ (ដោយមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាលចំនួនប្រមាណ ១.៧៥ លានដុល្លារ) ដើម្បីផ្តល់សេវា លើករណីដូចខាងក្រោម៖

* ពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (Outpatient) ចំនួន ៥១៦ ៥៩១ ករណី
* ពិនិត្យ និងព្យាបាលទារក និងកុមារមានជំងឺធ្ងន់ធ្ងរ ដោយដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ១០៣ ៨៨០ នាក់
* ពិនិត្យ និងព្យាបាល ទារក និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៣៣២ នាក់
* ព្យាបាល និងវះកាត់ធំ ដល់ទារក និងកុមារ ចំនួន ១៥ ៨៤៨ នាក់
* វះកាត់ និងឆ្លុះភ្ជិតសរសៃបេះដូងរបស់ទារក និងកុមារមានជំងឺបេះដូងពីកំណើត ចំនួន ៥៣៣ នាក់
* ផ្ដល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ នៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យជ័យវរ័ន្មទី៧ ខេត្តសៀមរាប ចំនួន ៥៥ ២៣៧ ករណី
* ផ្ដល់សេវាសម្រាលកូន ចំនួន ១៥ ៨០១ នាក់។

ក្នុងឆមាសទី២ ឆ្នាំ២០២៤ នេះ, ម.គ.ក. ទទួលបានចំណូលសរុបចំនួនប្រមាណ ៦.២៥ លានដុល្លារអាម៉េរិក ឬមានកំណើន ៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី២ ឆ្នាំ២០២៣។ កំណើននេះ រួមចំណែកដោយ (១) កំណើននៃចំណូលពីគ្រឹះស្ថានអង្គរ ដែលនេះបង្ហាញពីការកើនទ្បើងជាបន្តបន្ទាប់នៃទេសចរបរទេស, និង (២)ការបរិច្ចាគបានកើនឡើងដល់ចំនួនប្រមាណ ៣.៨៦ លានដុល្លារអាម៉េរិក ឬ មានកំណើន ៥១៧% ដែលការណ៍នេះបណ្ដាលមកពីការបរិច្ចាគរបស់សប្បុរសជននានា, ជាពិសេសពីសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ទន្ទឹមនេះ, ម.គ.ក. ក៏បានបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនប្រមាណ ២.០៨ លានដុល្លារអាម៉េរិក ឬ កើនឡើង ៧៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

លទ្ធផលហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់ខាងលើនេះ កើតចេញពីការអនុវត្តសកម្មភាពនានា ស្របតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅបំផុស និងអំពាវនាវឱ្យមានការចូលរួមបរិច្ចាគពីសាធារណជន និងសប្បុរសជននានា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»» ក្រោមការដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជានឹងអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៥ ដែលបានអនុម័តដោយក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចប្រជុំនៅពេលនេះ ដោយផ្ដោតលើចង្កោមសកម្មភាពចំនួន ២គឺ សកម្មភាពតាមព្រឹត្តិការណ៍ និង សកម្មភាពជាយុទ្ធសាស្ត្រ។

សម្រាប់សកម្មភាពតាមព្រឹត្តិការណ៍ រួមមាន៖ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, បំផុលចលនាបរិច្ចាគក្នុងទិវាក្តីស្រលាញ់ ១៤ កុម្ភៈ ២០២៥, ប្រារព្ធខួបមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner, ប្រារព្ធខួបគម្រប់ ៧ ឆ្នាំនៃមូលនិធិគន្ធបុប្ផាកម្ពុជា, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា, យុទ្ធនាការ «បុណ្យក៏ធ្វើ ទានក៏ធ្វើ» នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ, បន្តចុះជួបប្រជុំពិភាក្សាជាមួយគណៈកម្មការទ្រទ្រង់, ចូលរួមទទួលថវិកាបរិច្ចាគពីសប្បុរសជន នៅតាមបណ្តាខេត្តនានា។ ល។

ដោយឡែកសម្រាប់ សកម្មភាពជាយុទ្ធសាស្ត្រ រួមមាន៖ បំពាក់ LED នៅមន្ទីរពេទ្យគន្ធបុប្ផា, សហការជាមួយតារាមានប្រជាប្រិយភាពដើម្បីរៀបចំការប្រកួតកីឡានានា, ជំរុញការប្រើ QR CODE, ផលិតវីដេអូពីជីវិតកុមារដែលបានរស់រានដោយសារមន្ទីរពេទ្យគន្ធបុប្ផា, សហការជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ ដើម្បីរៀបចំ និងពង្រីកការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា ទាំងដោយផ្ទាល់ និងតាម បណ្តាញសង្គម, ផលិតវីដេអូបន្ថែមដើម្បីផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផា និងសកម្មភាពរបស់មន្ទីរពេទ្យ ដើម្បីចាក់ផ្សាយតាមទូរទស្សន៍ វិទ្យុ បណ្ដាញសង្គម និង LED តាមទីសាធារណៈ, បង្កើនការផ្សព្វផ្សាយអំពីសប្បុរសជន, រៀបចំខិតបណ្ណផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា, បន្តរៀបចំយុទ្ធនាការ «ខ្ញុំបានបរិច្ចាគហើយ ចុះអ្នកវិញ?» ប្រចាំខែលើបណ្តាញសង្គម, រៀបចំយុទ្ធនាការ «ខួបកំណើតអ្នក ក្តីសង្ឃឹមខ្ញុំ» ជាមួយបុគ្គលមានប្រជាប្រិយភាព និងថ្នាក់ដឹកនាំផ្សេងៗ, ចុះពិនិត្យ និងផ្លាស់ប្តូរ បដាផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមទីតាំងសំខាន់ៗនៅទូទាំងប្រទេស, ចូលរួមយុទ្ធនាការ កៀរគរការបរិច្ចាគផ្សេងៗតាមបណ្តារាជធានី-ខេត្ត តាមការចាំបាច់។ល។

បន្ថែមលើការពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងផែនការសកម្មភាព ឆ្នាំ២០២៥ របស់អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា, អង្គប្រជុំក៏បានគាំទ្រគំនិតផ្ដួចផ្ដើមក្នុងការបង្កើត និងដាក់ឱ្យអនុវត្តបណ្ដាញតេឡេក្រាមឈ្មោះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដើម្បីសម្រួលដល់ការចេញបណ្ណ និងទទួលបណ្ណថ្លែងអំណរគុណ ដែលសប្បុរសជនអាចទាញយកបានជាទម្រង់ឌីជីថល បន្ទាប់ពីការបរិច្ចាគ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានណែនាំឱ្យអង្គភាពប្រតិបត្តិពង្រឹង និងពង្រីកកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជំរុញការចូលរួមបំផុសចលនាកៀរគរការបរិច្ចាគ ទាំងតាមព្រឹត្តិការណ៍នីមួយៗ និងតាមលក្ខណៈជាយុទ្ធសាស្រ្ត ធ្វើយ៉ាងណាឱ្យគណៈកម្មការទ្រទ្រង់នីមួយៗ ចូលរួមកាន់តែសកម្ម ក្នុងសកម្មភាពផ្សព្វផ្សាយ និងកៀរគរថវិកាសប្បុរសធម៌ ដែលមូលនិធិគន្ធបុប្ផាកម្ពុជារៀបចំ ឬរៀបចំដោយគណៈកម្មការទ្រទ្រង់នីមួយៗ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកនូវគុណូបការៈដ៏ច្រើនលើសលប់ របស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា ចំពោះការលះបង់កម្លាំងកាយចិត្ត, ថវិកា និងសូម្បីតែជីវិតរបស់លោក ដើម្បីនាំភាពញញឹមដល់ទារក និងកុមារ ក៏ដូចជាស្រ្តីមានផ្ទៃពោះ រាប់លានករណី គិតចាប់តាំងពីការដាក់ឱ្យដំណើរការឡើងវិញ នូវមន្ទីរពេទ្យគន្ធបុប្ផា កាលពីឆ្នាំ១៩៩២មក៕