(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ការរៀបចំកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ លើកទី២» ចំថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីរំលឹកចងចាំទៅដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ។

លោកស្រីបានបន្ដថា បន្ទាប់ពីការចាកចេញរបស់សម្តេចតេជោ ទៅកសាងកម្លាំងដើម្បីរួមគ្នាផ្ដួលរំលំរបបអាវខ្មៅ «ព្រាត់ហើយជួបវិញ គូព្រេងមិនព្រាត់ នេះគឺជារឿងដែលនឹកស្មានមិនដល់» ភាពលះបង់ របស់សម្តេចតេជោ ដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ បានក្លាយទៅជាការចងចាំរបស់កូនខ្មែរគ្រប់ៗជំនាន់។

លោកស្រីបានថ្លែងបន្ដថា «ខ្ញុំក៏ឆ្លងកាត់សម័យប៉ុលពតនោះដែរ បើសិនជាគ្មានការចេញទៅកសាងកម្លាំងទេ គឺពិតណាស់ប្រាកដជាគ្មានជីវិត មកដល់ថ្ងៃនេះទេ ដូច្នេះសម្ដេចទាំងទ្វេ គឺជាអ្នកមានគុណរបស់ខ្ញុំ ដែលផ្ដល់ជីវិតទី២ មកដល់ខ្ញុំ ក៏ដូចជាប្រជាជនទូទៅដែលសល់ពីការសម្លាប់ របស់របបប្រល័យពូជសាសន៍ ប៉ុលពត»

សូមជម្រាបថា ដើម្បីរំលឹកនូវការដឹងគុណចំពោះសម្ដេចទាំងទ្វេ ក្នុងឱកាសខួបទី៤៦ឆ្នាំ នៃការវិលត្រលប់ជួបគ្នាសារជាថ្មី លោកស្រី ឡងឌី សាន់ណារ៉ា ក៏សហការគ្នាជាមួយអ្នកជំនាញ និពន្ធបទចម្រៀងមួយបទក្រោមចំណងថា «គូព្រេងបងអើយ» អបដោយរបាំ ដែលបានយកមកចេញផ្សាយនៅក្នុងពិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលធ្វើឱ្យគណៈអធិបតី និងភ្ញៀវចូលរួមនៅអង្គកម្មវិធីបានជ្រាបកាន់តែច្បាស់ ពីការតស៊ូយកជីវិតទៅប្ដូរដើម្បីបុព្វហេតុជាតិ។

កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺបានធ្វើឡើងក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

ក្នុងកម្មវិធីខាងលើនេះ ក៏មាននូវបង្ហាញវីដេអូឯកសារ និងការបង្ហាញសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់សម័យបច្ចុប​្បន្ន រួមទាំងមានបទចម្រៀងដែលមានចំណងថា «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលច្រៀងដោយលោ ប៉ាន់ ខែមរ៉ានូ ។ ក្រៅពីនោះក៏មានការបង្ហាញសម្លៀកបំពាក់ងូតទឹករបស់ស្ដ្រីខ្មែរ ការបង្ហាញម៉ូត «រាត្រីស្រមោសរសំពត់ខ្មែរ» និងបទចម្រៀង ពេលបងចាស់ទៅ បកស្រាយផ្ទាល់ដោយម្ចាស់បទ គឺតារាចម្រៀង ឱក សុគន្ធកញ្ញា៕