(ភ្នំពេញ)៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ដ្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណជូន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសារជូនពរឯកឧត្តម ក្នុងឱកាសខួបកំណើត។

តាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន, ឯកឧត្តម កែ គឹមយ៉ាន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរមានខ្លឹមសារនិង ពាក្យពេចន៍ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតចំពោះរូបខ្ញុំបាទ ព្រមទាំងបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងក្នុងការចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្របម្រើជាតិ និងប្រជាជន នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។

ខ្ញុំបាទពិតជាមានបីតិសោមនស្សរីករាយ និងមោទនភាពយ៉ាង ក្រៃលែងបំផុតដែលបានចូលរួមជាមួយនឹងឥស្សរជននានា ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ជាអគ្គរដ្ឋបុរសឆ្នើម ដែលបានបន្សល់ទុកនូវកេរមរតកដ៏ពិសិដ្ឋឥតគណនាដល់ប្រជាជាតិនិងប្រជាជនកម្ពុជា គឺសន្តិភាព វិបុលភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមគោរពប្រសិទ្ធពរជ័យ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រធីតា ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ៕