(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការបង្ហាញវត្ដមានរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាកត្ដាជួយជំរុញឱ្យសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់ស្រទាន់មហាជន។

លោកស្រី ឡងឌី សាន់ណារ៉ា បានថ្លែងបន្ដថា «ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិតីភាពនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ប្រកបដោយអត្ថន័យដ៏វិសេសវិសាល ដូចជាឱសថទិព្ទ ដើម្បីឱ្យកូនខ្មែរយើង លេបទៅជា គឺពីការស្រលាញ់របស់គេ បែរមកស្រលាញ់របស់យើងវិញ»

ជាពិសេសលោកជំទាវបណ្ឌិត បានគូសរម្លឹកដល់កូនខ្មែរទាំងអស់ឱ្យចេះស្រលាញ់គាំទ្រ និងការចូលរួមថែរក្សាសិល្បៈវប្បធម៌ ដ៏ផូរផង់របស់ជាតិយើង ដោយចាប់ផ្ដើមពីវ័យពីវ័យក្មេងទៅ ។

ក្នុងកម្មវិធីស្រមោសរ សំពតបត់ខ្មែរ លើកទី២» លោកជំទាវបណ្ឌិត បានលើកឡើងថា ឱ្យយើងទាំងអស់គ្នាចូលរួមថែរក្សា សិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើងនេះ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់រូបទាំងអស់ គឺមិនមែនថា យើងជាមនុស្សធំ វ័យកណ្ដាល ឬមនុស្សវ័យចាស់នោះទេ គឺចូលរួមតាំងពីវ័យក្មេងៗ។ ហើយពាក្យថា សិល្បៈ វប្បធម៌ គឺបញ្ជាក់បង្ហាញតាមរយៈភ្លេង ចម្រៀង របាំង សម្លៀកបំពាក់ប្រពៃណី ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ និងសម្លៀកបំពាក់ដែលយើងប្រើនៅក្នុងកម្មវិធីផ្សេងៗដូចជាពិធីរៀបអាពាហ៍ពិពាហ៍ វិធីផ្លូវការ និងវិធីសាសនាជាដើម សូម្បីតែក្រណាត់ដែលយើងមកធ្វើ កាត់ជាសម្លៀកបំពាក់ ការត្បាញ សរសៃសូត្រ ការរចនាបថ និងឌីហ្សាញក៏បញ្ជាក់ពីជាតិសាសន៍នីមួយៗដូចគ្នាដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានថ្លែងទៀតថា «សម្លៀកបំពាក់គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីរឹសគល់អរិយធម៌ដ៏ចំណាស់ និងអត្ដសញ្ញាតជាតិសាសន៍នីមួយៗ ហេតុដូច្នេះការថែរក្សាអនុវត្ដ និងលើកតំឡើងកេរ្ដិ៍តំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូបភាព ដោយត្រូវយល់ច្បាស់ពីតម្លៃ កេរ្ដិ៍តំណែល អត្ថន័យនៃសម្លៀកបំពាក់របៀបរបរនៃការប្រើប្រាស់នៅតាមកម្មវិធី និងពេលវេលា ព្រមទាំងការចូលរួមផ្សាយកម្រិតជាតិ និងអន្ដរជាតិ ផងដែរ ។សម្លៀកបំពាក់នេះ គឺជាអត្ដសញ្ញាណ ទី១ និងដំបូងបំផុត ដែលបញ្ជាក់ថា តើយើងជាជនជាតិអ្វី ហើយមកពីប្រទេសណា?»

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស គឺយុវជន យុវវ័យ សូមបន្ដចូលរួមស្វែងយល់ប្រើប្រាស់ និងផ្សព្វផ្សាយនូវសម្លៀកបំពាក់ ប្រពៃណី ដែលជាសម្បតិ្ដបេតិភណ្ឌអរូបិយ ដ៏ល្អឯក ដែលបង្កប់ដោយភាពច្រើនម៉ូត ច្រើនទម្រង់ក្បាច់រចនាប្រណិត ចម្រុះពណ៌គួរឱ្យទាក់ចិត្ដភ្នែក សមរម្យ ហើយថ្លៃថ្នូរ សុភាពទន់ភ្លន់ ស្រស់ស្អាត នឹងលើកទម្រង់ និងសម្រស់៕