(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៥​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល​ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ​ និងមានភាពប្រាកដនិយម​ ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។​

លោក បានសង្កត់ធ្ងន់​អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ​ មានមូលដ្ឋានភាសាបរទេស​ មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច​ និងអាចរៀបចំដឹកនាំ​សហគមន៍កសិកម្មទំនើប​ សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា​ និងមានភាពម្ចាស់ការពិតប្រាកដ។ បន្ថែមពីនេះរដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម​ សេដ្ឋកិច្ចកសិកម្ម​ និងសារគមនាគមន៍កសិកម្ម​ ដែលមានតម្រូវការទីផ្សារ​ការងារល្អ។

បើតាម​ លោក ឌិត ទីណា ធនធានមនុស្ស​ គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត​ ត្រូវមានការយល់ដឹង​ ពិចារណាច្បាស់លាស់​ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ​ មានការគិតគូរផ្អែកលើភាពពិត​ប្រាកដ ចូលរួមការងារសង្គម​ និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង​ ជាជាងការផ្តល់ព័ត៌មានមិនពិត​ និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។

ជាថ្មីម្ដងទៀត លោក បានកោតសរសើរ​ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ​ សាស្រ្តាចារ្យ​ លោកគ្រូ​ អ្នកគ្រូ​ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត​ បណ្តុះបណ្តាលកសាងធនធានមនុស្ស​ ប្រកបដោយគុណភាព​ និងពេញសមត្ថភាព​ក្នុងវិស័យកសិកម្ម​ និងសូមជូនពរ​ដល់អង្គពិធី​ ទទួលបានសុខសុភមង្គល​ក្រោមម្លប់សុខសន្តិភាព៕