(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ការងារអប់រំ គឺជាកិច្ចការអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីក្រោយរំដោះ​ប្រ​ទេស​​ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រាជរដ្ឋា​ភិ​បាល​កម្ពុជា ដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន ក្នុងនីតិកាលចាស់ជាច្រើន​អាណត្តិ​កន្លង​ទៅ បានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការស្តារវិស័យអប់រំចេញពីគំនរផេះនៃភ្លើង​សង្គ្រាម និងជំរុញការបណ្តុះពុទ្ធិចំណេះជំនាញគ្រប់បែប​យ៉ាងជូនដល់កូនចៅ​ប្រជាពល​រដ្ឋខ្មែរ។

រាជរដ្ឋាភិបាលនីតិកាលថ្មី នីតិកាលទី៧ ដឹឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ក៏បន្តប្រកាន់ខ្ជាប់នូវស្មារតីនៃការកសាងមូលធនមនុស្សប្រកបដោយថាមពល ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឈានឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៥០ ជាប្រទេស​អភិវឌ្ឍន៍។ ឈរលើស្មារតីនេះហើយទាំងក្នុងរាជរដ្ឋាភិបាលនីតកាលចាស់ និងក្នុងនីតី​កាល​ថ្មី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនដែល​រំលង​នោះឡើយក្នុងការអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ ក៏ដូចជាកម្មវិធី​សំខាន់ៗនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកឱកាសនេះ បានប្រកាស​បង្ហាញ​គោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអប់រំ ក៏ដូចជាដាក់ចេញនូវ​អនុសាសន៍​ណែនាំដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ រួមគ្នាលើកតម្កើង​ការ​អប់រំ និងធ្វើឱ្យការអប់រំកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សន្និបាតក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះ បានធ្វើឡើងក្រោមប្រធានបទ «អភិវឌ្ឍមូលធនមនុស្សឆ្ពោះ​ទៅ​សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

សន្និបាតអប់រំនេះ មានគោលដៅប្រមូលផ្តុំអ្នកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួម​គ្នា​ពិនិត្យឡើងវិញឱ្យគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែល​សម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ និងជា​ឱ​កាស​​​មួយឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការ​អនុវត្ត​យុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧​នៃរដ្ឋ​សភា។

សន្និបាតអប់រំប្រចាំឆ្នាំ២០២៥ រយៈពេល៣ថ្ងៃនេះ បានផ្សព្វផ្សាយជាសាធារណៈ​នូវ​របាយការណ៍​ស្តីពីលទ្ធផល​ការ​ងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤, វេទិកាពិភាក្សាជាច្រើនជុំវិញ​ឧត្ត​មានុវត្តន៍ និងនវានុវត្តន៍ក្នុងវិស័យអប់រំ, ការធ្វើបទបង្ហាញ​ស្តីពីសាលារៀនឌីជីថល​កម្ពុជា និងការប្រកាសដាក់ឱ្យអនុវត្តសាលារៀនឌីជីថល​កម្ពុជា។

ក្នុងឱកាសសន្និបាតអប់រំនេះដែរ ក្រសួងបានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សា២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ៥ វិទ្យាល័យ៦០ និងសាលាគរុកោសល្យ៥ ដោយក្រសួង​លើកចិត្តឱ្យ សាលារៀនទាំង១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបាន​ពេញ​លេញនូវស្តង់ដាសាលារៀនគំរូនៅឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងថ្ងៃបើកសន្និបាត លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួអប់រំ យុវជន និងកីឡា បានគូសរំលេចពីសមិទ្ធផលសំខាន់ៗ ជា​ច្រើន​ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតប​នឹង​យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មុំទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋ​សភា។ សមិទ្ធផលទាំងនោះបានជាប់ពាក់ព័ន្ធជាសំខាន់ទៅលើកិច្ចការអប់រំមានជា​អាថទិ៍៖ (១) លទ្ធផលនៃកម្មវិធីរង្វាយ​តម្លៃ​លទ្ធផលសិក្សាជាអន្តរជាតិ (PISA) ផ្តោតលើពិន្ទុមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត (២) ការអនុវត្តស្តង់ដាសាលារៀនគំរូ និងការបន្តពង្រឹងគុណភាពអប់រំ (៣) ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់​សិស្សនៅបឋមសិក្សានិងភូមិសិក្សាបន្តបន្ទាប់ (៤) ការកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវ​ភៅ​សិក្សា និងបង្កើនម៉ោងសិក្សា (៥) ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា និងការបង្រៀន​-រៀនពេញមួយថ្ងៃ (៦) ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅ​សាលារៀន​ជំនាន់​ថ្មី (៧) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន (៨) ផែនការអភិវឌ្ឍធនធាន​មនុស្ស​ក្នុងវិស័យអប់រំ បង្កើតយន្តការតម្រង់ទិសការងារ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការជំរុញការអនុវត្តគន្លងអាជីព (៩) ការលើកកម្ពស់ការអប់រំឌីជីថល (១០) ការលើក​កម្ពស់​សុខភាពសិក្សា និងការបង្កើនអាហារូបករណ៍ (១១) ការពង្រឹងអភិបាលកិច្ចគ្រឹះ​ស្ថាន​ឧត្តមសិក្សា និងការលើកកម្ពស់ការស្រាវជ្រាវ (១២) ការលើកកម្ពស់វិស័យកីឡា​ផ្សារ​ភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទ​យ៉ាង​តិចប្រចាំជីវិត» និង (១៣) កំណែទម្រង់មុខងារសាធារណៈ៕