(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។
បន្ថែមលើនោះ លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។
ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុន៕