(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ការចូលរួមគាំទ្រជួយឧបត្ថម្ភជាឱសថ បរិក្ខាពេទ្យ និងថវិការបស់សប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងប្រគល់ជូនលិខិតថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យ ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល ហើយតាមរយៈនេះរាជរដ្ឋាភិបាលបានដាក់ចុះវិធានការចាំបាច់និងអាទិភាពនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងសុខុមាលភាពឱ្យបានល្អប្រសើរ។
នាឱកាសនោះដែរ រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ក្រុមហ៊ុនឱសថ និងសម្ភារបរិក្ខារពេទ្យ រួមទាំងសប្បុរសជននានាជាច្រើនទៀត ដែលបានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារពេទ្យ ដើម្បីរួមចំណែកក្នុងសកម្មភាព មនុស្សធ៌មពិនិត្យព្យាបាលជំងឺជូនប្រជាជននៅក្នុងមូលដ្ឋានខេត្តក្រចេះ និងមន្ត្រីរាជការក្នុងក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់មន្ត្រីរាជការក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ច គាំពារមន្ត្រីរាជការក្រសួងព័ត៌មាន និងការងារមនុស្សធម៌នៃការលើកស្ទួយសុខភាពសាធារណៈនៅមូលដ្ឋានខេត្តក្រចេះ។
លោករដ្ឋមន្ត្រី បានជម្រាបជូនថា រាល់អំណោយដែលបណ្តាក្រុមហ៊ុនឱសថ និងបរិក្ខាពេទ្យ បានផ្តល់មកដល់ក្រសួងព័ត៌មាន គឺត្រូវបានយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីមានលទ្ធភាពពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន រួមទាំងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រឹងប្រែងដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនដល់ម្ចាស់ក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហា និងលើកស្ទួយជីវភាពរសើនៅរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល។
បើតាមវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានទទួលការជួយឧបត្ថម្ភជាឱសថ និងថវិកាអំពីសប្បុរសជនជា ម្ចាស់ក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យមានបញ្ញិកាស្របច្បាប់ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធ៌មពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ជាលទ្ធផលក្នុងរយៈពេលកន្លងមកនេះ ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានចុះធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុកចំនួន៥ ក្នុងនោះក្រុងក្រចេះ បានចំនួន ៥៦៧នាក់, ស្រុកឆ្លូង ចំនួន ៩៧១នាក់, ស្រុកចិត្របុរី ៦៦២នាក់, ស្រុកអូរគ្រៀងសែនជ័យ ចំនួន ៦០៦នាក់, ស្រុកសំបូរ ៦៣៥នាក់ សរុបជារួមបានចំនួន ៣,៤៤១នាក់ ក្នុងនោះ ស្រីចំនួន ២,០៨៥នាក់។ ជាមួយនេះក៏បានផ្តល់នូវវីតាមីនសេ ដល់ប្រជាពលរដ្ឋចំនួន ៤,០៤១នាក់ កាលពីពេលចុះចែកជូនស្រូវពូជដល់ប្រជាកសិករ។ ចំពោះគម្រោងចុះពិនិត្យព្យាបាលក្នុងឆ្នាំ២០២៥នេះ គ្រោងធ្វើនៅក្នុងខែ៦ ខែ៨ ខែ១០ និងខែ១២៕