(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជារដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្តីបានណែនាំដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ជាពិសេសបង្កើនផលិកម្មកាត់បន្ថយការពឹងផ្អែក លើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកមានប្រសាសន៍ថា ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ មិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតារបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ យើងត្រូវត្រៀមរៀបចំ និងអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយយុទ្ធសាស្ត្រ និងភាពឆ្លាតវៃ។

លោកបន្ថែមថា ដើម្បីជាវិភាគទានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លោកស្នើ ឱ្យក្រសួងពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម  ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ទាំងក្នុងតំបន់ និងសកល។

ជាមួយគ្នានេះ ក្រសួងត្រូវដឹកនាំ ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។

បន្ថែមពីនេះត្រូវបន្តសម្របសម្រួល និងដឹកនាំការរៀបចំបទដ្ឋានគតិយុត្ត ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះ ក៏ដូចជាស្វែងរកដោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីពង្រឹងអនុលោមភាព, កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តធុរកិច្ច និងត្រូវបន្តជំរុញការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាស ធុនតូច និងមធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទីផ្សារអន្តរជាតិរួចហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។

លើសពីនេះ ក្រសួងឧស្សាហកម្ម ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកទេស សុវត្ថិភាព និងកាត់បន្ថយការបំពុលពីឧស្សាហកម្ម ដើម្បីអភិវឌ្ឍឧស្សាហកម្មបៃតង និងបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិលដែលមិនមានសក្តានុពល។

លោក ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងឧ.វ.ប.ន បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញនិងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រងនិងកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា។

ក្រសួង បានកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួល ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជា ក្នុងដំណើរចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩  ដោយជោគជ័យ។ 

គួរជម្រាបថា ក្នុងឆ្នាំ២០២៤ វិស័យឧស្សាកម្មសម្រេចបានកំណើនប្រមាណ៨,៥% និងព្យាករណ៍មានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥៕