(ភ្នំពេញ)៖ ដោយមានការចាត់តាំងពី លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ និងបន្ទប់ឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពជនជាប់ឃុំ និងដើម្បីពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈស្របតាមច្បាប់ និងលិខិតបទដ្ឋានជាតិ-អន្តរជាតិពាក់ព័ន្ធនានា។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបានធ្វើសេចក្តីរាយការណ៍ថា ការគ្រប់គ្រងជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ប្រកាន់ខ្ជាប់នូវវិធានបទដ្ឋានអប្បបរិមា និងអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ព្រមទាំងវិធានណេលសុន ម៉ាន់ដឺឡា (The Nelson Mandela Rules) ជាពិសេសនីតិវិធីច្បាប់ស្តីពីពន្ធនាគារ និងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធផ្សេងទៀត សំដៅលើកកំពស់សិទ្ធិជនជាប់ឃុំ រួមទាំងជនជាប់ឃុំដែលជាមនុស្សស្រលាញ់ភេទដូចគ្នា ឬមនុស្សប្តូរភេទ (LGBTQ)។ មណ្ឌលអប់រំកែប្រែទី១ ក៏ប្រកាន់ខ្ជាប់នូវគោលការណ៍កិច្ចសហប្រតិបត្តិការបើកចំហរជាមួយស្ថាប័នសិទ្ធិមនុស្ស និងដៃគូអភិវឌ្ឍនានា ក្នុងន័យស្ថាបនាឱ្យកាន់តែមានភាពល្អប្រសើរឡើងនៅក្នុងពន្ធនាគារ។
លោកបានបន្ថែមថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី១ បាននិងកំពុងបង្កើនការបង្កលក្ខណៈដល់ក្រុមគ្រួសារសាច់ញាតិឲ្យបានជួបសួរសុខទុក្ខជនជាប់ឃុំ បានយ៉ាងងាយស្រួល។ ជាមួយគ្នានេះ លោក កំពុងតែព្យាយាមអភិវឌ្ឍបន្ថែមលើការងារជួបសួរសុខទុក្ខពីសំណាក់ក្រុមគ្រួសារសាច់ញាតិជនជាប់ឃុំ ដោយធ្វើទំនើបកម្មផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោក រ៉ូ ប៊ីនណៃ បានលើកឡើងថា ការចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេស គឺជាការអនុវត្តតួនាទី ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់ និងដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម និងអំពើឃោឃៅ អមនុស្សធម៌ និងការធ្វើទុក្ខបុកម្និញនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
លោកបានបន្តថា ការចុះត្រួតពិនិត្យនេះ ក៏ជាការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តចុះត្រួតពិនិត្យតាមដានឱ្យបានទៀងទាត់កន្លែងឃុំឃាំងនានា ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព និងបន្តផ្តល់អនុសាសន៍ ដល់មន្ត្រីគ្រប់គ្រងកន្លែងដកហូតសេរីភាព។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោពេញដោយសមត្ថភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឆន្ទៈយ៉ាងមុះមុតក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមការដឹកនាំរបស់លោក នុត សាអាន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទារុណកម្មគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានាដែលកម្ពុជាជារដ្ឋភាគី។
លោកក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់គ្រងកន្លែងដកហូតសេរីភាពឱ្យបំពេញតួនាទីរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ស្របតាមបទបញ្ជាផ្ទៃក្នុង ច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ដើម្បីប្រសិទ្ធិភាពការងារ ហើយត្រូវចៀសឱ្យឆ្ងាយពីការប្រព្រឹត្តអំពើមិនគប្បី អំពើអមនុស្សធម៌ ឬទារុណកម្មលើជនដែលត្រូវបានដកហូតសេរីភាព។