(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។

សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥ ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយបិទបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ទុកសន្និបាតក្រសួងទេសចរណ៍ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក។

* តាមរយៈសន្និបាតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់អំពី ទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សំដៅជំរុញ វិស័យនេះឱ្យឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពនិងទាន់ពេល ទៅនឹងការវិវឌ្ឍនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច ទាំងនៅកម្ពុជា, តំបន់ និងសកលលោក។

* តាមរយៈសន្និបាតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ពិតជាបានចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់អំពី ទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់ អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សំដៅជំរុញ វិស័យនេះឱ្យឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ទៅនឹងការវិវឌ្ឍនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច ទាំងនៅ កម្ពុជា, តំបន់ និងសកលលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់-លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់, ជាពិសេស​នៅក្នុងរយៈពេលជាង១ឆ្នាំកន្លះដើមអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ជោគជ័យទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ឥតឈប់ឈរប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង កិច្ចសហការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រឹមរយៈពេលជាង ៥ខែប៉ុណ្ណោះ, បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត សំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃ ប្រព័ន្ធតួអង្គតែមួយ» និងទស្សនាទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយ ចោល (Leaving No One and No Place Behind)»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះទិសដៅការងារ ដែលក្រសួងបាន​ដាក់​ចេញ និងសូមយកឱកាសនេះ លើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​នៃក្រសួងទេសចរណ៍ ឱ្យបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រ ដែល​បានដាក់ចេញ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាន​នូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យទេសចរណ៍
ជាវិស័យអាទិភាព ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ កម្ពុជាបានក្លាយជាគោលដៅ ទេសចរណ៍ ដែលមានសុវត្ថិភាព, ឱកាសវិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ី, ជាពិសេស បានធ្វើឱ្យវិស័យទេសចរណ៍ ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវឱ្យរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍​នៃសុខសន្តិភាព ដែលកម្ពុជា រកបាន​ដោយលំបាក តាមរយៈការដាក់ចេញនូវ​គោល​នយោ​បាយ​ឈ្នះ- ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ ដែលយើងបាន​ឃើញ​ច្បាស់អំពីបញ្ហានេះ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវពាក្យស្លោកថ្មី «ទេសចរណ៍​រីកលូតលាស់​ក្នុងសន្តិភាព» បន្ថែមពីលើពាក្យដែលរាជរដ្ឋាភិបាលអាណត្តិកន្លង​មកបាន​ដាក់ចេញ គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្ន ដើម្បីទេសចរណ៍»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​គាំទ្រការលើកឡើងរបស់លោក ហួត ហាក់ គឺ «ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» និងអំពាវនាវឱ្យមានការចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យមានភាពសកម្មផុសផុលតាមគ្រប់រូបភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រការ​ដាក់​ចេញរបស់ក្រសួងទេស​ចរណ៍​នូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (Low Season) ដែលអង្គសន្និបាតបានលើកឡើង ដើម្បីពង្រាយនូវរបាយភ្ញៀវទេសចរឱ្យបានគ្រប់ខែ បើទោះបីជារដូវកាលភ្ញៀវតិច (Low Season) ជានិន្នាការសកលក៏ដោយ។

* ដើម្បីគាទ្រយុទ្ធនាការនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ ក្រសួងទេសចរណ៍ ត្រូវសហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត រៀបចំផែនការសកម្មភាព ពិពិធកម្មកម្មវិធី, ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែបដើម្បីអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ, ពិសេសក្រុមហ៊ុន និងការីទេសចរណ៍ ដើម្បីបញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើប្រជុំ ដើម្បីតែប្រជុំ មិនបាច់ប្រជុំទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដើរលេងកម្សាន្តមិនចង់ឱ្យមានការរំខានអារម្មណ៍ព្រោះបញ្ហាតិចៗនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជំរុញឱ្យកែលំអស្ទឹងសៀមរាប ក៏ដូចជាតាមទីសាធាណៈនៅតាមខេត្តនានា ដូចជាបាត់ដំបង កំពង់ធំ...។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងរដ្ឋបាល រាជធានី ខេត្ត ផ្តល់កិច្ចសហការ ដើម្បីជំរុញការផ្សព្វ​ផ្សាយ​គោល​ដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉ូតពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញ​ការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យមានការថតភាពយន្តនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្តបរទេស។

* សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជាដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្ត​ឱ្យទូលាយក្នុងការទទួលមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អ​បរិយា​កាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាប់តាំងពីនៅច្រកទ្វារអន្តរជាតិ (ទាំង​ផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាស) បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេល ភ្ញៀវទេសចរចូលមកដល់ដំបូង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានីខេត្ត បន្ត ជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមាន លក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាពិសេសក្នុងបរិការណ៍​ឌីជីថល និងបច្ចេកវិទ្យាសប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ និងត្រូវមានស្មារតី​បុរេសកម្ម ម្ចាស់ការដោះស្រាយបញ្ហាក្នុងមូលដ្ឋាន គោលដៅទេសចរណ៍​របស់ខ្លួន រាប់តាំងពីបញ្ហាបរិស្ថាន អនាម័យ (ជាពិសេសបង្គន់អនាម័យ) គុណភាពសេវាកម្ម តម្លៃ ចំណត និង បញ្ហាតូចតាចនានា កុំចាំទាល់តែមានការលើកឡើងពីមហាជន ឬ ការបង្ហោះក្នុងបណ្ដាញសង្គមជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំលើកស្លាកប៉ាណូអំពី គោលដៅទេសចរណ៍នៅតាមទីតាំងសំខាន់ៗ ដូចជាច្រកចូលខេត្ត រង្វង់មូល និងទីប្រជុំជនសំខាន់ៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីការគិតគូររៀបចំធ្វើឱ្យខេត្តកំពង់ចាម មានភាពអ៊ូអរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យមានការគិតគូរតភ្ជាប់បណ្តាញទេសចរណ៍រវាងខេត្តសៀមរាប កំពង់ធំ និងឧត្តរមានជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទៅតំបន់ទេសចរណ៍ប្រទេសមួយចំនួន ត្រឹមតែវត្តមួយ អាចទទួលបានអ្នកទេសចររាប់លាននាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្នុងការជំរុញសកម្មភាព ការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការរៀបចំកញ្ចប់ទេសចរណ៍ផ្សារភ្ជាប់ជាមួយផលិតផលសហគមន៍។ សម្តេចលើកជាឧទាហរណ៍ថា បើភ្ញៀវទេសចរមួយរូប ជូនក្រមាមួយ ១លាននាក់ គឺបានគាំទ្រក្រមា១លាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាលើ បណ្តាញសង្គម (Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង​គោល​ដៅទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាង្គប្រាសាទរបស់ខ្មែរជាសម្បត្តិវប្បធម៌មនុស្សជាតិលើពិភពលោក ត្រូវបើកចិត្តឱ្យគេស្រឡាញ់ឱ្យបានច្រើន ដើម្បីគេមកលេងកម្សាន្តបានកាន់តែច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មគ្គទេសក៍ទេសចរណ៍ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រ កុំបកស្រាយខុសទៅកាន់ភ្ញៀវទេសចរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធ តាមដានរាល់ការបកស្រាយអត្ថាធិប្បាយនានាតាមបណ្តាញសង្គមពាក់ព័ន្ធប្រវត្តិកសាង និងរឿងរ៉ាវនានានៅតាមប្រាង្គប្រាសាទ ចៀសវាងការបកស្រាយខុសបង្កើតការភ័ន្តច្រឡំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ វិស័យទេសចរណ៍២០២៦-២០៣៥។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំពីតារាងតម្លៃសម្រាប់ព្រលានយន្តហោះថ្មី ឱ្យបានលឿន ហើយត្រូវធានាឱ្យបានពីដំណើរការនានា ពេលដាក់ដំណើរការ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍សិក្សាលទ្ធភាព ក្នុងការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year)» នៅឆ្នាំ ២០២៦ ឬពេលសមស្របណាមួយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឱ្យកាន់តែខ្លាំងក្លា,
ខណៈដែលរាជរដ្ឋាភិបាលបានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងបន្តយកឆ្នាំ ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា» ស្របពេលដែលអាស៊ានក៏បានកំណត់យកឆ្នាំ ២០២៥ ជា «ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សា ផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និងពន្យារការស្នាក់នៅរបស់ទេសចរ​កាន់តែយូរ។ ស្របជាមួយគ្នានេះ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយ​ក្រសួង-​ស្ថា​ប័ន​ពាក់ព័ន្ធ រៀបចំផែនការ និងជំរុញការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព តំបន់ទន្លេសាប និងតំបន់ភ្នំគូលែន ដើម្បីប្រែក្លាយ​ជាប៉ូលដែកឆក់ទសចរណ៍ ប្រកបដោយភាពទាក់ទាញ ច្នៃប្រតិដ្ឋ និងមានលក្ខណៈជាខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ និងក្រសួង-ស្ថា​ប័ន​ពាក់​ព័ន្ធ ផ្សារភ្ជាប់គ្នាឱ្យជិតស្និទ្ធ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍, ជាពិសេស ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ, ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ពាក់ព័ន្ធកសិ-ទេសចរណ៍ និងទេសចរណ៍កសិកម្ម, ជាមួយក្រសួងបរិស្ថាន ពាក់ព័ន្ធអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ ផ្សងព្រេង (និង ការពង្រឹងភាពស្អាត បៃតង និង អនាម័យ), ជាមួយក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធទេសចរណ៍ សាសនា ជាដើម ដោយថ្នាក់ដឹកនាំក្រសួងខាងលើ អាចចាត់តាំងក្រុមការងារចំពោះកិច្ចធ្វើការជាមួយគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» និងតម្កល់ប្រយោជន៍ជាតិជាធំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដាក់ចិត្តដាក់កាយគិតពីប្រយោជន៍រួម គឺកម្ពុជា កុំប្រកួតប្រជែងគ្នា។ ភ្ញៀវមកតាមណា តាមនរណាក៏បាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយាយពីរោះ ប្រកាសក្នុងវេទិកាធំប៉ុណ្ណាក៏ដោយ បើមិនមានយន្តការអនុវត្តន៍ មិនមានអ្នកធ្វើ គឺមិនបានផលនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាប្រើកម្លាំងសរុប ចិត្តមួយ ឆន្ទៈមួយ ដើម្បីផលប្រយោជន៍ទេសចរណ៍របស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទម្រាំដាក់ឱ្យដំណើរការការផ្តល់ទិដ្ឋាការសម្រាប់អ្នកទេសចរពេលមកដល់កម្ពុជា សម្តេចបានដឹកនាំកិច្ចប្រជុំរហូតដល់ទៅ៣ដង ហើយសម្តេចបានអារកាត់រឿងមួយចំនួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានាក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេស​ចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តពាក់ព័ន្ធបញ្ហាសុខា​ភិបាល គ្រឿងញៀន គ្រឿងស្រវឹង ។ល។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនប្រព័ន្ធ ទូរស័ព្ទ ក្នុងការតំឡើងបង្គោលអង់តែន និងបំពាក់ប្រព័ន្ធសេវាទូរស័ព្ទ នៅតាមគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលប្រមាណ ១០០ គោលដៅ នៅទូទាំងប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់​ទស្សន​កិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុនកម្មករ-កម្មការនី និងបុគ្គ​លិកក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានឱកាស និងលទ្ធភាពទៅលេងគោលដៅទេសច​រ​ណ៍​នានាង ដែលកិច្ចការនេះ រួមចំណែកខ្លាំងដល់ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក, ជាពិសេសបំពេញបន្ថែមចរន្ត ភ្ញៀវក្នុងរដូវកាលបៃតង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុក​ដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដល់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ រួមជាមួយបុគ្គលិកក្រៅប្រព័ន្ធដែលមានការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង បុគ្គលិកក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យពួកគាត់ចូលមកក្នុង ប្រព័ន្ធ ដើម្បីទទួលអត្ថប្រយោជន៍ដូចបុគ្គលិកក្នុងប្រព័ន្ធផ្សេងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលាជំនាន់ថ្មីអត់មានរំសាយនោះទេ គឺនឹងមានពង្រីកបន្ថែម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជំនាន់ថ្មី ខុសពីមជ្ឈមណ្ឌលសិក្សាទំនើប។ សាលាជំនាន់ថ្មី គឺគ្រប់គ្រងដោយរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជំនាន់ថ្មី មិនមានការបែងចែកកម្មវិធីសិក្សានោះឡើយ ហើយក៏មិនមានតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់នោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើសុំការយោគយល់អាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៥៖០៨នាទី នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕